(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមការងារយោធភូមិភាគទី៥ ដឹកនាំដោយឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការរងយោធភូមិភាគទី៥ និងឧត្តមសេនីយ៍ទោ ឈៀង អិត មេបញ្ជាការតំបន់ទី៣ ប៉ៃលិន-សំឡូត បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីការ កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅអង្គភាពវរសេនាតូចលេខ៥០៧ ស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកឧត្តមសេនីយ៍ទោ ខាត់ ជន់ បានថ្លែងថា គោលបំណងរបស់មេបញ្ជាការយោធភូមិភាគទី៥ ដែលបានដាក់ផែនការកម្មវិធីទស្សនកិច្ចសិក្សាកន្លងមកនេះ គឺដើម្បីដើម្បីស្វែងយល់ពីអង្គភាពមួយទៅអង្គភាពមួយទៀត ឲ្យមានការប្រឡងប្រណាំងក្នុងការកសាង និងអភិវឌ្ឍន៍អង្គភាពនិមួយៗ ឲ្យមានការរីកចម្រើនឡើង។
លោកឧត្តមសេនីយ៍ទោ ខាត់ ជន់ បានតាស់តឿនដល់នាយទាហាន នាយទាហានរងត្រូវយកចិត្តទុកដាក់បន្តប្រឹងប្រែងលើការងារអប់រំចិត្តសាស្ត្រ ការងារចិញ្ចឹមទ័ព ធានាជីវភាពទាំងគ្រួសារកងទ័ព និងគ្រប់គ្រងត្រួតពិនិត្យថែររក្សាអាវុធយុទ្ធភ័ណ្ឌ និងសម្ភារយោធាផ្សេងៗ ទៀតឲ្យបានគង់វង់ល្អ និងទប់ស្កាត់រាល់ការចរាចរណ៍លក់ដូរអាវុធឆ្លងកាត់ព្រំដែន។ ព្រមជាមួយគ្នានេះ ត្រូវមានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនរួមគ្នាទប់ស្កាត់រាល់បទល្មើសប្រឆាំងភេរវកម្ម លុបបំបាត់ការជួញដូគ្រឿងញៀនឆ្លងតាមដែនខុសច្បាប់ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ ឈៀង អិត បានថ្លែងបានកោតសសើរដល់ ពលទាហាន នាយទាហាន កងវរសេនាតូចលេខ៥០៧ ទាំងអស់ដែល បានខិតខំកសាង និងពង្រឹងអង្គភាពបានល្អជាពិសេសបានពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ចេះគោរពច្បាប់ និងគោរពវិន័យកងទ័ព ឲ្យបានល្អប្រសើរ ហើយនាំគ្នាចូលរួមការងារជួយដល់សង្គមជាតិផងដែរ។
លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង បញ្ជាការវរៈសេនាតូចលេខ៥០៧ ធ្វើរបាយការណ៍ថា អង្គភាពវរសេនាតូច៥០៧ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធខិតខំពង្រឹងកិច្ចការពារព្រំដែលខ្លួនទទួលខុសត្រូវបានរឹងមាំ និងបានរួមចំណែកការពារ សន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋបានល្អប្រសើផងដែរ។ ទន្ទឹមនេះពលទាហាននាយទាហាន បានខិតខំកសាងសមិទ្ធិផលនានា ដូចជាកសាង លេណដ្ឋានប្រយុទ្ធ ជំរុំ ជំរកស្នាក់នៅចិញ្ចឹមសត្វដើម្បីធានាដល់ជីវភាពរស់នៅរបសលកងទ័ពឲ្យប្រសើឡើងផងដែរ៕