(ក្រចេះ)៖ រមណីយដ្ឋានអន្លង់ផ្សោតជាតំបន់ទេសចរណ៍បែបធម្មជាតិ ដ៏ទាក់ទាញមួយក្នុងចំណោមតំបន់ទេសចរណ៍ ជាច្រើនទៀតនៅក្នុង ខេត្តក្រចេះ។ រមណីយដ្ឋានអន្លង់ផ្សោតស្ថិតជាប់ដងទន្លេមេគង្គ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ចម្ងាយជាង ១០គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។
ដើម្បីទៅដល់រមណីយដ្ឋានអន្លង់ផ្សោតគេត្រូវធ្វើដំណើរតាមផ្លូវជាប់ដងទន្លេមេគង្គ ក្នុងទិសដៅពីទីរួមខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកសំបូរ។ អន្លង់ផ្សោតបានក្លាយទៅជាទីចាប់ចិត្តប្រតិព័ត្រមួយសម្រាប់អ្នកទេសចរ ជាពិសេសអ្នកទេសចរអន្តរជាតិ ព្រោះថានៅតំបន់នេះមានសត្វ ផ្សោតដែលជាសត្វដ៏កម្រនៅលើពិភពលោក។
ពេលបច្ចុប្បន្នភ្ញៀវទេសចរទៅកាន់រមណីយដ្ឋាននេះមិនមានចំនួនច្រើននោះទេ តែគេសង្កេតឃើញថា មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅលេងតំបន់នេះជារៀងរាល់ថ្ងៃ។ តាមរយៈភ្ញៀវទេសចរនេះ បានជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះបានមួយកម្រិតផងដែរ។
ប្រជាពលរដ្ឋនៅតំបន់នោះអាចរកចំណូលបានតាមរយៈការលក់ចំណីអាហារ និងបើកទូកចម្លងភ្ញៀវទៅមើលសត្វផ្សោតជាដើម។ សត្វផ្សោតត្រូវាបានចាត់ទុកជាសម្បត្តិធម្មជាតិមានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាបច្ចុប្បន្ននេះ គឺមានស្ថេរភាពល្អណាស់ដោយ សារតែការជួយជ្រោមជ្រែង និងការអនុវត្តន៍ការងារក្នុងគម្រោងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ សត្វផ្សោតនៅក្នុងទន្លេមេគង្គរបស់កម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជា ៨០ក្បាល។ ចំនួននេះមិនរាប់បញ្ចូលកូនផ្សោតទេ គឺរាប់តែផ្សោតពេញវ័យប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានអន្លង់ផ្សោត បានផ្ទុះការរិះគន់គ្រប់គ្នាចំពោះអាជ្ញា ធរខេត្តក្រចេះ ហាក់បានមើលរំលងពីសក្តានុពលទេសចរណ៍នៅតំបន់នេះ ដោយមិនបានយកចិត្តទុកដាក់កែច្នៃ ឬ អភិវឌ្ឍន៍ ដើម្បីកម្ពស់សម្រស់ និងសោភណភាពរមណីយដ្ឋាននេះឡើយ។
សោភណភាព និងបរិស្ថាន វាអាចក្លាយជាចំណីចក្ខុ និងការទាក់ទាញខ្ពស់សម្រាប់អ្នកទេសចរ។ តែសម្រាប់អន្លង់ផ្សោតព្រែកកាំពីវិញ បើទោះបីក្លាយជារមណីយដ្ឋានទេសចរណ៍ជាច្រើនឆ្នាំមកហើយយ៉ាងណាក្តី តែហាក់មិនត្រូវបានការគាំពារ និងអភិវឌ្ឍន៍ពីអាជ្ញាធរខេត្តឡើយ។
បរិវេណជុំវិញរមណីយដ្ឋានអន្លង់ផ្សោតត្រូវបានគេទុកឲ្យព្រៃដុះជុំវិញ ហើយបរិវេណខាងក្នុងទៀតសោតមិនមានការលំអរអ្វីនោះដែរ បែរជាទុកជាកន្លែងឲ្យគោដើរស៊ីស្មៅ ហើយជុះអាចម៌ទុកបង្អួតអ្នកទេសចរទៅវិញ។
ក្រុមប្រជាពលរដ្ឋ និងអ្នកទេសចរចង់ឃើញអាជ្ញាធរកែលំអរតំបន់រមណីយដ្ឋានអន្លង់ផ្សោត ដើម្បីទទួលបានការទាក់ទាញបានកាន់តែខ្លាំង ដូចជាការសំអាតនៅបរិវេណជុំវិញ លាបថ្នាំរបងឲ្យស្រស់ស្អាតជាដើម។ រីឯបរិវេណខាងក្នុងវិញ គួរតែមានការចាក់ដីដាំស្មៅ រៀបចំសួនច្បារជាដើម។ ប្រជាពលរដ្ឋ និងអ្នកទេសចរជឿជាក់ថា ប្រសិនបើបរិវេណនេះមានការកែច្នៃបន្ថែម ដើម្បីលើកកម្ពស់សោភណភាពឲ្យកាន់តែស្រស់ស្អាតវានឹងក្លាយជាធាតុទាក់ទាញភ្ញៀវទេសចរបន្ថែមពីលើការមើលសត្វផ្សោតជាក់ចាមិនខាន៕