(ភ្នំពេញ)៖ ខឹងនាងមានសង្សារថ្មី ហៅបក្ខពួក១០នាក់ឡើងវាយដល់បន្ទប់ រួចបោកទូរស័ព្ទចោលខ្ទេច និងចាក់សោរបង្ខាំងក្នុងបន្ទប់ ព្រមទាំងពួនស្ទាក់ ប៉ងចាំកាប់ប្រហារបុរសដែលជាសង្សារថ្មីតែម្តង ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលជាន់ទី២ ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយបានដឹងព័ត៌មាននេះភ្លាម លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅបង្ក្រាបរំដោះនារីរងគ្រោះបានសម្រេចភ្លាមៗ និងធ្វើការសំរ៉ុកចាប់បានជនសង្ស័យចំនួន៣នាក់ រួមទាំងដាវ១ដើមផងដែរ ដែលអង្គុយចាំកាប់សម្លាប់បុរសសង្សារថ្មីនោះ ដោយឡែកមេក្លោង និងបក្ខពួកចំនួន៧នាក់ទៀត កំពុងរត់គេចខ្លួន។
បើតាមមន្ដ្រីនគរបាល នារីរងគ្រោះឈ្មោះ លី សៀងមួយ អាយុ២១ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើតនៅភូមិឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែកជនសង្ស័យដែលបង្ក្រាបបាន ទី១៖ឈ្មោះ ព្រាប ណុយ អាយុ២៣ឆ្នាំ មុខរបរបើកឡានរោងចក្រ, ទី២៖ឈ្មោះ អម អេ អាយុ១៨ឆ្នាំ និងទី៣៖ឈ្មោះ វ៉េត វ៉ាយ អាយុ២៣ឆ្នាំ មុខរបរលក់សាច់ជ្រូក។
មន្ត្រីនគរបាលបានឲ្យដឹងថា ដំណើរឿងនៅមុនពេលកើតហេតុ នារីរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយជនសង្ស័យខាងលើ ដែលជាមេក្លោង ឈ្មោះ ម៉ាប់ រយៈពេលយូរមកហើយ ដោយអតីតសង្សារ ឈ្មោះ ម៉ាប់នោះ ឧស្សាចេញចូលនៅក្នុងបន្ទប់នាងញឹកញាប់ សឹងរាល់ថ្ងៃតែម្តង តែមួយរយៈក្រោយ មកអ្នកទាំង២ មានរឿងរកាំរកូតឈានដល់បែកបាក់គ្នា ដោយនាងក៏មានស្នេហាថ្មី ជាមួយបុរសម្នាក់ទៀត លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ដែលជាអតីតសង្សារ បានដឹងថានាងកំពុងមានស្នេហាថ្មីនោះ កើតចេញជាគំនុំឡើងវាយនាងយ៉ាងដំណំ ថែមទាំងបោកទូរស័ព្ទចោលខ្ទេច រួចក៏ចាក់សោរបង្ខាំងឃុំនាង ក្នុងបន្ទប់ទៀតផង និងប្រមូលបក្ខពួក១០នាក់ពួនស្ទាក់កាំ ចាំចាក់សម្លាប់បុរសសង្សារថ្មី តែមិនបានសម្រេចក៏ត្រូវកម្លាំងនគរបាលបង្ក្រាបបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅសួរនាំ នៅប៉ុស្តិ៍នគរបាលចោមចៅ និងបញ្ជូនបន្តផ្នែកជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត និងតាមចាប់បក្ខពួកបន្តទៀត៕