(ស្ទឹងត្រែង)៖ មេជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ ដែលត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបបានជាមួយថ្នាំញៀនប្រមាណ២គីឡូក្រាម កាលពីប៉ុន្មានថ្ងៃមុននោះ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺបេះដូង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។ នេះបើតាមការឲ្យដឹងពីស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃច័ន្ទនេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនជាតិឡាវដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលត្រូវកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនជាមួយថ្នាំញៀនប្រមាណ២គីឡូក្រាម កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះបានស្លាប់កាលពីព្រឹកមិញ ដោយសារជំងឺគាំងបេះដូង។
សូមបញ្ជាក់ថា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ដោយដកហូតថ្នាំញៀន២កញ្ចប់ធំ នៅចំណុចបង្គោលលេខ០៣៥-០៣៦ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងថា ជនសង្ស័យជាមេក្លោងជនជាតិឡាវនោះ ឈ្មោះ ផែង ផាន់ណាង៉ោ អាយុ៥០ឆ្នាំ រស់នៅភូមិណាចាន ស្រុកកូម៉ា ខេត្តចំប៉ាសាក់ ដោយក្នុងនោះដកហូតបានថ្នាំញៀន០២កញ្ចប់ធំ ប្រហែល០២គីឡូក្រាម៕