(កូឡាឡាំពួរ)៖ បើទោះបីកីឡាករប្រដាល់គុនខ្មែរ ២រូប ឃុន ឌីម៉ា ហៅ ឃឹម ឌីម៉ា និង ម៉ឺន សុភា បានបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី បន្ទាប់ពីផ្ដួលគូប្រកួតនៅរសៀលថ្ងៃទី២៨ ខែសីហានេះក៏ពិតមែន ប៉ុន្ដែថ្នាក់ដឹកនាំកីឡាកម្ពុជា និងអ្នកគាំទ្រកម្ពុជា មិនសប្បាយចិត្តឡើយ ចំពោះការកាត់សេចក្ដីឲ្យកីឡាករកម្ពុជា ឡៅ ចិត្រ្ដា ចាញ់ពិន្ទុកីឡាករ Ain របស់ម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំងអ្នកលេងគុនខ្មែរទម្ងន់ ៥៤គីឡូក្រាមរូបនេះ មានប្រៀបជាង ៣ទឹកពេញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយកបេសកកម្ម បានប្រតិកម្មភ្លាមៗ ក្រោយលទ្ធផលជំនួបរវាងកីឡាករ ឡៅ ចិត្រ្ដា និងកីឡាករម៉ាឡេស៊ី ជ័យជម្នះបានទៅកីឡាករម្ចាស់ផ្ទះ ២៧-៣០ពិន្ទុ។ លទ្ធផលនេះ ត្រូវបានថ្នាក់ដឹកនាំកីឡាកម្ពុជារូបនេះ សម្ដែងការមិនពេញចិត្ត ចំពោះការឲ្យពិន្ទុឡើយ ព្រោះរូបស្ដែងៗនៃការប្រកួត ឡៅ ចិត្រ្ដា បានវាយត្រូវកីឡាករ Ain ជាច្រើន ទាំងការប្រើកណ្ដាប់ដៃ និងជើង។ យ៉ាងណាមិញអ្នកគាំទ្រនៅកម្ពុជា ក៏បានប្រតិកម្មខ្លាំងៗលើបណ្ដាញសង្គមផងដែរ ដោយម្នាក់ៗ សុទ្ធតែរំពឹង ចិត្ត្រា ជាអ្នកឈ្នះ។

សម្រាប់លទ្ធផលបរាជ័យដ៏កក្រើករបស់ ឡៅ ចិត្ត្រា នេះដែរ បានធ្វើឲ្យថ្នាក់ដឹកនាំ NOCC បញ្ចូលទៅក្នុងគម្រោងពិចារណាបញ្ជូនកីឡាគុនខ្មែរ ទៅប្រកួតកីឡាស៊ីហ្គេមលើកក្រោយ។ លោក វ៉ាត់ ចំរើន និយាយថា «នេះគឺជារឿងអាម៉ាសមួយរបស់ម្ចាស់ផ្ទះ... ហើយបើសិនយើងបន្ដមើលឃើញលក្ខណៈមិនយុត្ដិធម៌ និងមិនត្រឹមត្រូវ យើងនឹងដកខ្លួនពីស៊ីហ្គេមក្រោយៗ រហូតដល់យើងធ្វើជាម្ចាស់ផ្ទះ។ គណៈកម្មាធិការជាតិអូឡាំពិក ដោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងការមើលឃើញពីភាពមិនប្រក្រតីហ្នឹង ហើយនឹងពិចារណា ដើម្បីតម្រែតម្រង់ភាពត្រឹមត្រូវ ព្រោះយើងចង់ឲ្យមានភាពយុត្តិធម៌»

នេះគឺជាសេចក្ដីប្រកាសមួយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្វែងរកការពិត និងភាពយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យគិចផុតពីភាពអយុត្តិធម៌ទាំងឡាយ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ។

គួរបញ្ជាក់ថា យុទ្ធនាការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី បើគិតត្រឹមល្ងាចថ្ងៃទី២៨ ខែសីហានេះ កម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ៩ បណ្ដោះអាសន្ន ជាមួយនឹងការដណ្ដើមបានមេដាយសរុប ១៤ រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១២ ដោយតាមពីក្រោយក្រុមអត្តពលិកឡាវ ដែលឈរលេខ៨ និងមានមេដាយមាស ២ ប្រាក់៣ និងសំរឹទ្ធ ១៣ក្នុងដៃ ខណៈក្រុមអត្តពលិកម្ចាស់ផ្ទះម៉ាឡេស៊ីបន្ដឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយដ៏ច្រើន រួមមានមេដាយមាស ១០៥, ប្រាក់ ៧១ និងសំរឹទ្ធ ៦៩៕