(ភ្នំពេញ)៖ ក្នុងន័យបង្ហាញពីទ្រឹស្តី និងភាពជាក់ស្តែង នៃការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានទាញយកពំនោល របស់អ្នកនិពន្ធសៀវភៅ «កម្ពុជាឆ្នាំសូន្យ» លោក Francois Ponchaud ដែលលើកឡើងថា សហគមន៍អន្តរជាតិចេះ តែប្រកាសពីសិទ្ធិមនុស្ស ប៉ុន្តែរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកគេធ្វើព្រងើយ ធ្វើមិនដឹងមិនឮ អ្វីទាល់តែសោះ។
ជាមួយគ្នានេះ លោកបានលើកឡើងថា ហាក់ដូចជាគ្មានប្រទេសណា លើពិភពលោកអាចអនុវត្តន៍នូវគោលការណ៍សិទ្ធិមនុស្ស តាមបែបលិទ្ធប្រជាធិបតេយ្យ បានពេញលេញទាំងស្រុងនោះឡើយ ខណៈការវិវត្តន៍ផ្លាស់ប្តូរ និងរីកចម្រើននៃអនុវត្តន៍នៅកម្ពុជា ត្រូវបានរៀបចំផ្សព្វផ្សាយ ពង្រឹងជាប្រចាំ។
នៅក្នុងអត្ថបទរបស់លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ដែលបង្ហោះក្នុង Facebook ផ្លូវការរបស់លោកមានចំណងជើងថា «សិទ្ធិមនុស្សបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រៀបដូចជាកង់មុខ២របស់រថយន្ត Human Right in democracy and the rule of laws are two front wheels of vehicle!» ដោយបានដកស្រង់ពំនោលរបស់ អ្នកនិពន្ធសៀវភៅ «កម្ពុជាឆ្នាំសូន្យ» លោក Francois Ponchaud ដែលលើកឡើងថា «ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ សហគមន៍អន្តរជាតិនៅស្ងៀមរហូតដូចជាមិនព្រមស្តាប់សូរសំរែក របស់ប្រជាជនកម្ពុជា ដែលកំពុងរងទុក្ខវេទនា គ្រប់បែបយ៉ាងក្រោមការដឹកនាំដាច់ខាតរបស់អង្គការ។...សហគមន៍អន្តរជាតិចេះតែប្រកាសពីសិទិ្ធមនុស្ស ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គេធ្វើព្រងើយ ធ្វើមិនដឹងមិនឮ ហើយមានអ្នកខ្លះយល់ស្រប នឹងរបបកម្ពុជាប្រជាធិបតេយ្យទៀតផង.??»។
លោក ហេង រតនា បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា៖ ការអនុវត្តយ៉ាងភ្ជាប់ភ្ជួន នូវគោលការណ៍សិទិ្ធមនុស្ស តាមបែបលទិ្ធប្រជាធិបតេយ្យបានពេញលេញទាំងស្រុង គឺជាប្រការល្អបំផុត ប៉ុន្តែវាហាក់ដូចជាគ្មានប្រទេសណា លើពិភពលោកធ្វើវាបានឡើយ! ហើយសិទិ្ធមនុស្សត្រូវបានអនុវត្ត តាមក្របខ័ណ្ឌច្បាប់ កំណត់នៃរដ្ឋនិមួយៗ ដោយផ្អែកតាមសង្គមវប្បធម៌ផងដែរ! ការវិវត្តន៍ផ្លាស់ប្តូរ និងរីកចំរើននៃការអនុវត្តច្បាប់ នៅកម្ពុជាត្រូវបានរៀបចំផ្សព្វផ្សាយ ពង្រឹងជាប្រចាំ!!
យើងចងចាំនូវខ្លឹមសារលោក Francoise Ponchaud អ្នកនិពន្ធសៀវភៅ «កម្ពុជាឆ្នាំសូន្យ» បានលើកឡើងថា «ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ សហគមន៍អន្តរជាតិនៅស្ងៀមរហូតដូចជាមិនព្រមស្តាប់សូរសំរែករបស់ប្រជាជនកម្ពុជា ដែលកំពុងរងទុក្ខវេទនា គ្រប់បែបយ៉ាងក្រោមការដឹកនាំ ដាច់ខាតរបស់អង្គការ។...សហគមន៍អន្តរជាតិចេះតែប្រកាសពីសិទិ្ធមនុស្ស ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គេធ្វើព្រងើយ ធ្វើមិនដឹងមិនឮ ហើយមានអ្នកខ្លះយល់ស្រប នឹងរបបកម្ពុជាប្រជាធិបតេយ្យទៀតផង.??
គំនិតល្អ! ទ្រឹស្តីហូរដល់កែង (កែងជើង) តែការអនុវត្តជាក់សែ្តងគ្មាន! ខ្ញុំមានពិសោធន៍ផ្ទាល់ករណីកែរទំរង់ ជាមួយសហគមន៍អន្តរជាតិ៖ នៅឆ្នាំ១៩៩៨-១៩៩៩ មានក្រុមសវនកម្ម និងក្រុមវាយតំលៃអន្តរជាតិ ជំរុញលើកំណែរទំរង់ និងការផ្លាស់ប្តូរ មានលើកនូវចំនុចអនុសាសន៍រាប់រយទំពរ័។ ខ្ញុំសុំលើកយកភាពជាក់សែ្តងតូចមួយដែលពួកគេលើកឡើង និងទាមទារកំណែទំរង់លើប្រពន្ធ័បើកប្រាក់បៀវត្សរ៍។
ពេលនោះតាមបែបលោកខាងលិច ពួកគេជំរុញត្រូវតែបើកប្រាក់ខែជូនបុគ្គលិកទាំងអស់ តាមធនាគារ មូលហេតុការបើកប្រាក់ខែ ដោយសាច់លុយផ្ទាល់អាចប្រឈមនឹងគ្រោះថ្នាក់ បាត់បង់លុយដោយចោរប្លន់ឬលួច ឬប្រព្រឹតិ្តអំពើពុករលួយជាដើម។
គំនិតនេះល្អណាស់ តែមិនអាចអនុវត្តបានទេ! (Good idea but Not applicable!) មូលហេតុពេលនោះ (ឆ្នាំ១៩៩៨-១៩៩៩) ប្រពន្ធ័ធនាគារតាមខេត្តនៅទន់ខ្សោយណាស់ គ្មានសាខាតាមស្រុកទេ ហើយគ្មានប្រព័ន្ធកាតបើកលុយទេ ដូចនេះដើម្បីបើកប្រាក់បៀវត្សតាមធនាគារ ត្រូវប្រមូលបុគ្គលិករាប់រយរាប់ពាន់នាក់ មកធនាគារនៅខេត្ត ការធ្វើបែបនេះប្រឈមនឹងគ្រោះថ្នាក់ ក្នុងការធ្វើដំណើរដោយសារផ្លូវស្ពានលំបាក ការចំណាយច្រើនណាស់! លើការដឹកជញ្ជូន! យើងរង់ចាំជិត១០ឆ្នាំទើបអាចអនុវត្តគំនិតនេះបាន ពោលគឺឆ្នាំ២០០៦-២០០៧ ទើបអាចដំណើរការបើកប្រាក់បៀវត្សរ៍តាមធនាគារបាន!
ដូចនេះចំនុចខ្លះវាទាមទារពេលវេលា ហេដ្ឋារចនាសម្ពន្ធ័ទាំងធាតុរឹង និងធាតុទន់ ជាមួយការពង្រឹងអនុវត្តច្បាប់!! ខ្ញុំយល់ថាការគោរពគ្នាទៅវិញទៅមក ហើយយល់ច្បាស់នូវភាពជាម្ចាស់ និងភាពជាដៃគូជាប្រការសំខាន់ណាស់ ព្រមទាំងស្គាល់ច្បាស់សង្គមវប្បធម៌មធាតុខាងក្នុង (tacit knowledge) និង ការអនុវត្តជាក់ស្តែងនៃធាតុខាងក្រៅ (explicit knowledge)។ ការបង្ខំយកស្តង់ដារសិទ្ធិមនុស្សណាមួយ មកជំរុញទទឹងទិសនឹងនាំមកក្តីវិនាស ខូចខាតធ្ងន់ធ្ងរដល់សង្គមជាតិខែ្មរ ខានមិនបានឡើយ!
ដូចខ្ញុំលើកជាឧទាហរណ៍ជាក់ស្តែងខាងលើ ពេលខ្លះគំនិតជាអនុសាសន៍របស់ក្រុមជំនាញ ដោយផ្អែកតាមស្តង់ដារណាមួយនោះ មិនអាក្រក់ទេ តែវាខុសកាលះទេសះនិងមិនទាន់អាចអនុវត្តបាននៅឡើយទេ!!
ប្រជាពលរដ្ឋខែ្មរភាគច្រើនបំផុត មានមោទនភាពជាមួយសន្តិភាព និងការអភិវឌ្ឍន៍ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាល! កុមារកម្ពុជាមានឱកាសពេញលេញ ទៅសាលារៀនដោយដៃកាន់ប៉ិច មិនមែនកាន់កៃកាំភ្លើងឡើយ! សាលារៀនថ្មីៗកំពុងសាងសង់ មានកុមារកើនឡើងទៅសាលារៀន នៅពេលនៅប្រទេសជប៉ុន មានកុមារកាន់តិចទៅៗ ហើយសាលារៀនមួយចំនួន ត្រូវបិទទ្វាដោយសារគ្មានកុមារ។ នេះជាកិ្តសង្ឃឹមខាងសេដ្ឋកិច្ច សំរាប់កម្ពុជា មិនមែនថាជប៉ុនខ្សោយទេ តែពួកគេគ្មានកូនចំនួនប្រជាពលរដ្ឋសរុបធ្លាក់ចុះ!! មានកុមារាកុមារី យ៉ាងច្រើនមានសមត្ថភាពខ្លាំងៗ ទាំងរៀនសូត្រខាងវិទ្យាសាស្ត្រ ចំរៀង កីឡាជាដើម។ល។!៕