(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបញ្ជាឲ្យកម្លាំងនគរបាល ចេញប្រតិបត្តិការ ចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅតំបន់ក្រៃស្នោ និងតំបន់ស្នូកចំបី ភូមិសាស្ត្រឃុំព្នៅ ស្រុកសន្ទុក ដោយដកហូតបានឧបករណ៍នេសាទមួយចំនួនធំ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីសកម្មភាពនេសាទខុសច្បាប់ នៅក្នុងតំបន់ខាងលើរួចមក លោកបានទទួលការណែនាំពីនាយឧត្តមសេនីយ៍សតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ ក្រោមការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ត បានចាត់ឲ្យកងកម្លាំងនគរបាលជំនាញថ្នាក់ខេត្ត សហការជាមួយនគរបាលស្រុក ចុះបង្ក្រាបបទល្មើសទាំងនេះជាបន្ទាន់ ពីព្រោះវាជារដូវត្រីពង ត្រូវហាមឃាត់។
លោកស្នងការបានឲ្យដឹងថា ការចុះបង្ក្រាបនេះកម្លាំងប្រតិបត្តិការ បានប្រទះឃើញការដាក់នរ៉ាវ១៣,០០០ម៉ែត្រ ក្នុងនោះកម្លាំងបានរួសរើស បានចំនួន៦០០០ម៉ែត្រ បង្គោល១៤,៦៣៣ដើម ច្បរ៣៦ច្បរ ឡុក១៨ឡុក និងនៅសល់ប្រហែល៧០០០ម៉ែត្រទៀត កំពុងបន្តទៅគោលដៅផ្សេងៗទៀត។
មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការបង្ក្រាប បានបញ្ជាក់ថា អ្វីដែលកំពុងនៅសេសសល់ទៀតនោះ កម្លាំងនគរបាលពុំទាន់បានរួសរើសនៅឡើយទេ ដោយត្រូវការប្រើប្រាស់ កម្លាំងបន្ថែម និងកាណូតបន្ថែមទៀត ទើបអាចរួសរើសបាន។
សូមបញ្ជាក់ថា រដ្ឋបាលជលផលបានចេញបំរាម មិនឲ្យធ្វើការនេសាទចាប់ពីខែកក្កដា ដល់ខែតុលា ជារៀងរាល់ឆ្នាំ ពីព្រោះជារដូវត្រីពង តែសកម្មភាពនេសាទខុសច្បាប់ទាំងនេះ នៅតែបន្តកើតមានឡើង ដែលទាំងនេះត្រូវបានគេមើលឃើញថា មានការឃុបឃិតជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ៕