(ពោធិ៍សាត់)៖ ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលការងារព្រំដែន លោក គួយ សារឿន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា ការចរចារឿងនាំចូលកសិផលរបស់កសិករខ្មែរ ដូចធម្មតាឡើងវិញ នៅតាមច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃនេះ ត្រូវបានភាគីថៃ ប្រកាសពន្យាពេល ហើយនឹងជូនដំណឹងនៅពេលក្រោយទៀត។
លោក គួយ សារឿន បានបញ្ជាក់ថា «រឿងចរចានៅថ្ងៃនេះ ត្រូវបានមេបញ្ជាការស៊ុបថៃ ខេត្តត្រាត ប្រកាសពន្យាពេល លើកទៅថ្ងៃក្រោយវិញ ដោយសារពួកគេ ត្រូវទៅប្រជុំនៅបាងកក ចឹងពេលគាត់មកវិញ គាត់នឹងជូនដំណឹងរបស់ខាងយើងវិញថា នឹងជួបគ្នានៅថ្ងៃណាទៀត»។
សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកបដិសេធទាំងស្រុងនូវព័ត៌មានដែលលើកឡើងថា មានការបិទច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត របស់ប្រទេសថៃ។
លោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ថ្មីៗនេះមានព័ត៌មានមួយចំនួនបានចុះផ្សាយថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានបិទច្រកទ្វារព្រំដែនថ្មដា ហើយចំពោះព័ត៌មាននេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចោលទាំងស្រុង។
នាយករដ្ឋបាលរូបនេះ បញ្ជាក់ថា អាជ្ញាធរថៃគ្រាន់តែកែប្រែលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ ក៏ព្រោះតែភាគីថៃមានបញ្ហាផ្ទៃក្នុង។
ចំពោះលក្ខខណ្ឌនោះ ត្រូវបានលោកអះអាងថា គឺថ្ងៃច័ន្ទ ថ្ងៃព្រហស្បិ៍ ពលរដ្ឋកម្ពុជាអាចចេញចូលទៅពេទ្យ និងប្រកបរបបអាជីវកម្មបានដូចធម្មតា ដែលភាគីទាំងបើកដំណើរការដូចរាល់ដង (មួយសប្តាហ៍បើក៣ថ្ងៃ គឺថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៍) ប៉ុន្ដែនៅថ្ងៃសៅរ៍ប្រសិនបើពលរដ្ឋចង់ទៅថៃដើម្បីពិនិត្យជំងឺនោះអាចទៅ ប៉ុន្ដែបើចង់យកកសិផលទៅលក់មិនបាននោះទេ៕