(ក្រចេះ)៖ លោក ជា សុភក្រ្ក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ក្រោមបញ្ជារបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្ត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមសមត្ថកិច្ចមកពីមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពដល់រណ្តៅរ៉ែ អនាធិបតេយ្យ នៅចំណុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ បន្ទាប់ពីមានហេតុការណ៍បាក់ដី ក្នុងរណ្តៅរ៉ែ បង្កឲ្យមានមនុស្សស្លាប់ និងរបួស។

នៅថ្ងៃនេះផងដែរលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាសកម្មភាពជីករ៉ែទាំងនោះ គឺខុសច្បាប់ទាំងស្រុង ហាមមិនដែលស្ដាប់នោះឡើយ។ ចំពោះវិធានការ នៅចំពោះមុខនេះ លោករដ្ឋមន្ដ្រី នឹងបង្កើនការទប់ស្កាត់បន្ដទៀត ដោយបញ្ជាឲ្យមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅអប់រំ និងពិនិត្យមើលជាក់ស្ដែង។

លោក ស៊ុយ សែម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា សកម្មភាពជីករករ៉ែដែលនាំឲ្យ គ្រោះថ្នាក់ដាក់ដីស្លាប់ និងរបួសបែបនេះ គឺដោយសារតែជាសកម្មភាពខុសច្បាប់ មិនមានសុំការអនុញ្ញាតិពីមន្ដ្រីជំនាញនិងអាជ្ញាធរ ពាក់ព័ន្ធនោះឡើយ ហើយករណីនេះលោកទើបតែដឹងតាមការផ្សព្វផ្សាយ នាព្រឹកមិញនេះដែរ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវតែជួយសហការ និងទប់ស្កាត់ ពីព្រោះសកម្មភាពលួចលាក់ដោយខុសច្បាប់បែបនេះ គឺនាំឲ្យមានគ្រោះថ្នាក់​ហើយ។

បើតាមលោករដ្ឋមន្ដ្រី ការជីករករ៉ែ និងធនធានធម្មជាតិ នៅក្នុងដីនោះ ក្រសួងអនុញ្ញាតឲ្យត្រឹមតែ២០ម៉ែត្រប៉ុណ្ណោះ បើជ្រៅជាងនេះ នឹងធ្វើឲ្យមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ ដូចអ្វីដែលបានកើតឡើងកាលពីពេលកន្លងទៅនៅតាមខេត្តមួយចំនួននោះ។

សូមបញ្ជាក់ថា មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ដោយបាក់ដីរណ្ដៅជីករ៉ែមាស បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួស នៅយប់ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុច​ត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ទីតាំងដែលបាក់រណ្ដៅជីករ៉ែមាសនេះ មានម្ចាស់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ​៥៤ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស២នាក់ ​ឈ្មោះ ញ៉ែត ផាត អាយុ​២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្តោលស្រុកទឹកឈូក ខេត្តកំពត របួសត្រូវចំដៃខាងឆ្វេង និងប្រអប់ជើងខាងធ្វេង និងឈ្មោះ ហួន វាសនា អាយុ៣៣ឆ្នាំមានទីលំនៅ ភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ របួសត្រូវចំក្បាល និងហូរឈាមតាមត្រចៀក (ស្លាប់ក្រោយបញ្ជូនដល់ មន្ទីរពេទ្យបង្អែក)។

លោក ណយ ស៊ីថាច អធិការរងនគរបាលស្រុកសំបូរ បានប្រាប់អង្គភាព Fresh News ទីតាំងបាក់រណ្ដៅជីករ៉ែមាសនេះ នៅឆ្ងាយពីទីប្រជុំជន ពោលគឺនៅជិតព្រំប្រទល់ខេត្តមណ្ឌលគិរី ដូច្នេះហើយទើបកម្លាំងសមត្ថកិច្ចជំនាញ​ចេញទៅនៅព្រឹកនេះ៕