(ភ្នំពេញ)៖ នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលហើយ ដើម្បីសាកសួរករណីលក់ផលិតផលក្លែងក្លាយ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែក របស់អ្នកប្រើប្រាស់។
បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងស្ថិតក្រោមការសាកសួ ររបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយបានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋាន របស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីស្រ្តីរូបនេះបានលក់ផលិតផល ដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាព ឲ្យបានច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលឡេ ដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយធ្វើឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះ សមត្ថកិច្ចរកឃើញឡេដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសយកផងដែរ។
បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតបាន មានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។ សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះ តែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលឡេលាបស្បែក ដោយគ្មានច្បាប់អនុញ្ញាត ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីថ្ងៃសៅរចុងសប្ដាហ៏កន្លងទៅនេះ៕