(ភ្នំពេញ)៖ សិស្សប្រឡងក្នុងកម្មវិធី UCMAS ដែលបានប្រឡងជាប់ជ័យលាភីលេខ១ ចំនួន៣៩នាក់ ក្នុងចំណោមសិស្សប្រមាណ២៣៤៣នាក់ ក្នុងកម្មវិធី ប្រឡងថ្នាក់ជាតិលើកទី២ កម្មវិធី UCMAS បានក្លាយជាកុមារកម្ពុជាឆ្នើម ត្រូវបានត្រៀមខ្លួន ចេញទៅចូលរួមប្រឡងកម្មវិធី គិតលេខរហ័សថ្នាក់អន្ដរជាតិ (UCMAS INTERNATION COMPETITION) លើកទី២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗខាងមុខ។
រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកបណ្ឌិត អ៊ឹម កុច បានថ្លែងនូវការសាទរយ៉ាងខ្លាំង ចំពោះការរៀបចំកម្មវិធីប្រឡងថ្នាក់ជាតិ លើកទី២ កម្មវិធី UCMAS។
លោកបន្តថា ការប្រឡងនេះបានជ្រើសរើស សិស្ស៣៩នាក់ ដែលឆ្នើមទៅចូលរួមប្រឡងនៅប្រទេស ឥណ្ឌូនេស៊ី ដែលផ្តល់ឱកាសឲ្យកុមារតូចៗ មានឱកាសបង្ហាញ សមត្ថភាពលើឆាកអន្តរជាតិ ហើយកម្មវិធី UCMAS បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់គុណភាព អប់រំនៅក្នុងប្រទេសកម្ពុជា។
លោកស្រី យ៉ុន្តា ម៉ូនីតា តំណាងកម្មវិធី UCMAS បានប្រាប់ឲ្យដឹងថា រយ:ពេលច្រើនឆ្នាំហើយ ដែលកម្មវិធី UCMAS មាននៅកម្ពុជា ហើយបានចែករំលែកចំណេះវិជ្ជាទាក់ទងការគិតលេខរហ័សនេះ ហើយសម្រាប់កម្មវិធីរៀបចំឡើងនេះ គឺ ដើម្បីស្វែងរកកុមារ UCMAS ឆ្នើមទៅចូលរួមប្រកួតប្រជែង នៅលើឆាកអន្តរជាតិ ដែលមានប្រហែលជាង៧០ប្រទេសចូលរួម ដែលការប្រឡងនេះ រៀបចំនៅប្រទេសឥណ្ឌូនេស៊ី។
សូមជម្រាបផងដែរថា សាលាអាយឃីដ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ បានសម្រេចរៀបចំកម្មវិធី ប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី២ របស់ខ្លួន ដោយបានផ្តល់ឱកាសឲ្យសិស្ស ក្នុងកម្មវិធី UCMAS ប្រមាណ ២៣៤៣ នាក់ ចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារគិតលេខដោយស្តាប់ និងសរសេរ បានយ៉ាងរហ័ស ក្នុងគោលបំណងស្វែងរកសិស្ស ដែលពូកែនិងគិតលេខបានយ៉ាងស្ទាត់ជំនួញ រហ័សចំនួន៣៩នាក់ ដើម្បីទៅចូលរួមប្រឡងនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ ៕