រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនថវិកាដល់ ៩០០លានរៀលនៅឆ្នាំក្រោយ សម្រាប់ការពារក្តីជូនជនក្រីក្រដែលគ្មានលទ្ធភាពជួលមេធាវី
28-08-2017 13:32
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ គ្រោងនឹងបង្កើនថវិកាប្រចាំឆ្នាំដល់៩០០លានរៀល ដល់គណៈមេធាវីកម្ពុជា នៅឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឧបត្ថម្ភដល់មេធាវីស្ម័គ្រចិត្តទាំងឡាយ ដែលធ្វើការការពារក្តីជូនជនក្រីក្រមិនយកកម្រៃ។ នេះបើតាម លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្មីៗនេះ។
លោក ជិន ម៉ាលីន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ថវិកាដែលក្រសួងយុត្តិធម៌ផ្តល់ជូននោះ បានកើនឡើងជារៀងរាល់ឆ្នាំ។ គឺពីចំនួន២០០លានរៀល នៅឆ្នាំ២០១៣ ហើយរហូតដល់ឆ្នាំ២០១៧នេះ កើនឡើងដល់៦០០លានរៀល និងឆ្នាំ២០១៨ យើងមានគម្រោងនឹង ដំឡើងដល់ ៩០០លានរៀល ដែលថវិកានេះយើងផ្តល់ដល់គណៈមេធាវី ហើយគណៈមេធាវីចាត់ចែង ឧបត្ថមដល់មេធាវីដែលស្ម័គ្រចិត្តជួយការពារក្តីដល់ជនក្រីក្រ ជាពិសេសនៅខេត្តដាច់ស្រយាលដែលមិនមានលទ្ធភាព»។
លោកបានបន្តទៀតថា ថវិកានេះ មិនទាន់គ្រប់គ្រាន់ទាំងអស់ទេ បើធៀបនឹងតម្រូវការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែថវិកាទាំងនេះ នឹងជួយដោះស្រាយបញ្ហាបានមួយកម្រិតទៀត ដែលអាចឱ្យជនក្រីក្រ ឬអ្នកពុំមានលទ្ធភាពជួលមេធាវី ទទួលបានការប្រឹក្សាច្បាប់ ឬទទួលបានយុត្តិធម៌។
លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានទទួលស្គាល់ថា គម្រោងថវិកាប្រមាណ៩០០លានរៀលនោះ នឹងមិនទាន់គ្រប់គ្រាន់មែន សម្រាប់មេធាវីដែលធ្វើការស្ម័គ្រចិត្ត។ លោកថា ថវិកាប្រមាណ៩០០លានរៀលនេះ អាចដោះស្រាយក្តីបានត្រឹមតែ២ពាន់ក្តីប៉ុណ្ណោះ ដែលស្មើនឹង៥០ភាគរយ នៃតម្រូវការមេធាវីស្ម័គ្រចិត្ត ខណៈដែលបណ្តឹងកើតឡើងរាល់ថ្ងៃ។
លោកបានបញ្ជាក់ទៀតថា មេធាវីដែលធ្វើការស្ម័គ្រចិត្តនោះ នឹងចូលខ្លួនការពារកូនក្តីដែលគ្មានលទ្ធភាពជួលមេធាវី នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ហើយភាគច្រើននៃថវិកាដែលផ្តល់ដោយរាជរដ្ឋាភិបាល នឹងត្រូវទូទាត់សម្រាប់តែសោហ៊ុយធ្វើដំណើរ ឬធ្វើសំណុំរឿងប៉ុណ្ណោះ៕