(ឧត្តរមានជ័យ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ កម្ពស់ទឹកនៅអាងតាម៉ុក បានកើនឡើងរហូតដល់ ជិត៤ម៉ែត្រ ពោលហួសពីកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ត្រឹមតែ៣.៥០ម៉ែត្រប៉ុណ្ណោះ ប៉ុន្ដែការកើនឡើងនូវកម្ពស់ទឹកយ៉ាងគំហុកបែបនេះ មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរ ដល់ហេរដ្ឋារចនាសម្ព័ន្ធ និងលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនោះឡើយ។
ការកើនឡើងកម្ពស់ទឹកនៅក្នុងអាងតាម៉ុក ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់៣.៩៩ម៉ែត្រ (គិតត្រឹមម៉ោង៦) ដែលនាំឲ្យទឹកហូរកាត់ស្ពានតាម៉ុក នៅព្រឹកថ្ងៃនេះ ដោយសារតែការធ្លាក់ភ្លៀង នៅតំបន់ជួរភ្នំដងរែក បាននិងកំពុងបន្ដ ហើយនឹងធ្លាក់បន្ដទៀតរហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ។
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់បន្ថែម ដល់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បើទោះបីកម្ពស់ទឹកក្នុងអាងបានកើនឡើង ជិត៤ម៉ែត្រក៏ដោយ ប៉ុន្ដែចរាចរណ៍លើស្ពានតាម៉ុក អាចដំណើរការបានជាធម្មតា ពុំទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ខណៈដែលពីមុនទឹកកើនឡើងត្រឹម២.៩០ម៉ែត្រ គឺមិនអាចឆ្លងកាត់បាននោះទេ។
អ្នកនាំពាក្យក្រសួងធនធានទឹកបានពន្យល់ទៀតថា ចរាចរណ៍អាចដំណើរការទៅបាន ទោះទឹកឡើងខ្លាំងបែបនេះ ដោយសារតែទំបន់បង្ហៀ ត្រូវបានជួសជុលកែលម្អឡើងវិញ ប៉ុន្ដែដំណើរការនៃការជួសជុលក៏ត្រូវបានធ្វើឡើង ដោយមានកិច្ចពិភាក្សា និងសិក្សា ក៏ដូចជាសុំគោលការណ៍ណែនាំពីថ្នាក់លើយ៉ាងល្អិតល្អន់ផងដែរ ពីព្រោះតំបន់នេះត្រូវបាន រាជរដ្ឋាភិបាល ចេញអនុក្រឹត្យចាត់ចូលជាតំបន់ប្រវត្តិសាស្ដ្រ។
លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ ទឹកនឹងបន្ដកើនឡើងដោយសារតែការធ្លាក់ភ្លៀង នៅតំបន់ជួរភ្នំដងរែក នៅកើតឡើងដោយសារតែកម្ពុជា ជួបបាតុភូតវិសម្ពាធ ឬកូនព្យុះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហានេះ ហើយចាប់តាំងពីថ្ងៃទី២៤ ខែសីហា មកដល់ថ្ងៃនេះទឹកភ្លៀងបានធ្លាក់នៅតំបន់ជួរភ្នំដងរ៉ែក មានកម្រិត ៣៨០មីលី្លម៉ែត្រ ដែលគិតត្រឹមម៉ោង៦ព្រឹកមិញកើនដល់៣,៩៩ម៉ែត្រ តែមកដល់ម៉ោងជាង១១នេះ បានស្រុកមកត្រឹម ៣,៩៥ម៉ែត្រ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ជួបវិសម្ពាធ ឬកូនព្យុះមួយទៀត ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
យោងតាមការព្យាការណ៍អាកាសធាតុ ប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបមួយ នឹងវិវត្តខ្លួនទៅជាវិសម្ពាធ ឬកូនព្យុះមួយ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈដែលលើផ្ទៃសមុទ្រនឹងមានរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៧៕