(សៀមរាប)៖ រូបថតតំបន់អង្គរចំនួន១០០ផ្ទាំង ដែលបង្ហាញអំពីប្រាង្គប្រាសាទ បរិស្ថាន និងប្រពៃណីទំនៀមទម្លាប់ប្រជាជន អ្នកស្រុកអង្គរ ត្រូវបានសម្ពោធដាក់តាំងពិព័រណ៌ ជាផ្លូវការ នៅថ្ងៃចុងសប្តាហ៍នេះ ក្រោមអធិបតីភាពលោក Kong Xiahong អភិបាលក្រុងហ័ងសាន លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប នៅសណ្ឋាគារ Xihai លើកំពូលភ្នំហ័ងសាន ខេត្តអានហ៊ុយ សាធារណៈរដ្ឋប្រជាមានិតចិន។
លោក Kong Xiahong បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងបានលើកឡើងពីចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានសហការយ៉ាងល្អ ជាមួយគណៈកម្មាធិការរដ្ឋបាល រមណីយដ្ឋានហ័ងសាន ក្នុងឋានៈជាដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាស្ថាប័នគ្រប់គ្រង់តំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដូចគ្នា។
លោក សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះអភិបាលក្រុងហ័ងសាន និងគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាន ដែលបានទទួលស្វាគមន៍ ប្រតិភូប្រកបដោយ ភាពកក់ក្តៅបំផុត ជាពិសេសការរៀបចំកម្មវិធីសម្ពោធការតាំងពិព័រណ៌រូបថត តំបន់អង្គរនៅពេលនេះ។ លោកក៏បានរំឭកអំពីចំណងមិត្តភាពដ៏ល្អរវាងរដ្ឋាភិបាល កម្ពុជា-ចិន និងបានរំឭកអំពីប្រវត្តិនៃការភ្ជាប់ទំនាក់ទំនងគ្នា តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរក្សា និងបង្កើនកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធបំផុតនៃប្រជាជន និងរដ្ឋាភិបាលប្រទេសទាំងពីរ។ លោកក៏បានលើកឡើងអំពីកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នផ្សេងៗជាច្រើនរបស់ចិន ទៅលើផ្នែកជួសជុលប្រាសាទ ការអភិវឌ្ឍកសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍទេសចរណ៍។
លោក សុខ សង្វារ ក៏បានលើកឡើងអំពីកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរជាតិអប្សរា និងគណគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយស្ថាប័នទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ និងបានរៀបចំតាំងពិព័រណ៌តំបន់ភ្នំហ័ងសាន នៅប្រាសាទបន្ទាយស្រី រយៈពេលបីខែ កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយពេលនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំការតាំងពិព័រណ៌រូបថតតំបន់អង្គររយៈពេលបីខែដូចគ្នា នៅលើកំពូភ្នំហ័ងសាន ដែលជាតំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយរបស់ចិន។
ការរៀបចំតាំងពិព័រណ៌នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍អង្គរ និងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ហើយក្រុមការងារជឿជាក់ថានឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាតំបន់អង្គរ ឱ្យកាន់តែច្រើនឡើងថែមទៀត៕