(ឧត្តរមានជ័យ)៖ កាលពីល្ងាចម្សិលមិញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក បានចុះស្រាវជ្រាវបង្ក្រាបករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅ ចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ។
លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា កម្លាំងយើងចាប់បានជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ទី១៖ ឈ្មោះ សុខ វ៉ាន់នឿន (ហៅភាក់) អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង និងទី២៖ ឈ្មោះ ញាណ សុខប៊ុនធឿន (ហៅឌាក់) អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង។
វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន អាយ ចំនួន៥កញ្ចប់តូច, ទូរសព្វ័ដៃចំនួន២គ្រឿង, ប្រាក់រៀលចំនួន ២៥០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលស្រុកធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការ តាមនីតិវិធីច្បាប់៕