(ភ្នំពេញ)៖ ស្ថានីយ៍ទូរទស្សន៍ «ស៊ីធីអ៊ិន» (CTN), ផលិតកម្ម «RED Picture» និងផលិតកម្ម «កងចក្រ» បានចាប់ដៃគូគ្នាក្នុងការបង្កើតខ្សែភាពយន្តខ្មែរទាំងដុំ និងរាយ ឲ្យកាន់តែល្បីល្បាយតទៅទៀតក្នុងឆ្នាំ២០១៨ខាងមុខនេះ ដោយការប្រើប្រាស់លក្ខណៈបច្ចេកទេស ធូឃេ(2K) ដែលមានលក្ខណៈច្បាស់ត្រជាក់ភ្នែកក្នុងការទស្សនា ហើយអ្វីដែលគួរជាទីចាប់អារម្មណ៍នោះគឺ ទាំងផលិតកម្ម និងទូរទស្សន៍ទាំង៣នេះ បានរួមគ្នាយកប្រាក់ចំនូលប្រមាណ១០ភាគរយ ដើម្បីយកទៅធ្វើការងារមនុស្សធម៌ផងដែរ។
ដៃគូសហការទាំង៣នេះក៏បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពី «គុណភាណ លទ្ធផល គោលដៅ» ដោយមានការចូលរួមពីតំណាងម្ចាស់ដៃគូទាំង៣ ហើយមានការចូលរួមពីតារាសម្តែង និងចម្រៀងនៅព្រះរាជាណាចក្រកម្ពុជា រួមនឹងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ា។
លោក ជា ឌីណា អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម «RED» បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៨ខាងមុខ ផលិតកម្មយើងខ្ញុំសហការស្ថានីយ៍ទូរទស្សន៍ «CTN» ផលិតខ្សែភាពយន្តភាគ(ខ្សែភាពយន្តរាយ) យ៉ាងតិចឲ្យបាន៤រឿងក្នុងមួយឆ្នាំ ហើយសម្រាប់ខ្សែភាពយន្តដុំយើងបានចាប់ដៃគូជាមួយនឹងផលិតកម្ម «កងចក្រ» សម្រាប់សម្ភារបច្ចេកទេសវិញ យើងបានសហការជាមួយនឹង«Black Magic Design» និង «WNH» ហើយការចាប់ដៃគូនេះ ក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តរបស់យើង»។
លោកបន្ថែមថា កន្លងមកផលិតកម្ម RED ក៏បានធ្វើការងារមនុស្សធម៌ដែរ ហើយសម្រាប់ឆ្នាំ២០១៨ខាងមុខនេះទៅ គ្រប់គម្រោងរបស់ផលិតកម្មមួយនេះទាំងអស់ គឺបានកាត់ចំនូល១០ភាគរយ ដើម្បីធ្វើការងារមនុស្សធម៌ ដោយមិនបានគិតប្រាក់ចំនេញ ឬប្រាក់ខាតនោះទេ គឺគិតទៅលើប្រាក់ចំនូលរបស់ផលិតកម្មទាំងអស់។ សម្រាប់ការបរិច្ចាក១០ភាគរយនៃប្រាក់ចំនូលរបស់ផលិតកម្មនេះ គឺដើម្បីផ្សារភ្ជាប់ពីវិស័យសិល្បៈជាមួយនឹងការងារមនុស្សធម៌។
សម្រាប់ដៃគូសហការជាមួយនឹងផលិតកម្ម «RED»ទាំង២ រួមមានស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និងផលិតកម្មកងចក្រ ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ផងដែរ ក្នុងសហការជាមួយគ្នា ដើម្បីលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនជាងសព្វថ្ងៃទៅទៀត។
ក្រៅពីនេះ លោក ជា ឌីណា ក៏បានសំណូមពរទៅភាគ្គីដែលពាក់ព័ន្ធរួមទាំងក្រសួងមួយចំនួនផងដែរ ទោះបីកន្លងមកភាគ្គីទាំងនោះបានជួយមកដល់ផលិតកម្មនេះក៏ដោយ ក៏ផលិតកម្មមួយនេះនៅតែបន្តសំណូមពរម្តងហើយម្តងទៀត គឺក្នុងន័យតែមួយគត់ធ្វើឲ្យវិស័យសិល្បៈមួយនេះបន្ត និងរីកចម្រើនជាងនេះទៅទៀត។
សូមរម្លឹកថា កន្លងមកផលិតកម្ម «RED» បានចេញជាខ្សែភាពយន្តជាច្រើនផងដែរ ហើយក្នុងនោះសុទ្ធតែខ្សែភាពយន្តល្បីៗ ដោយបានចាក់បញ្ជាំងនៅតាមរោងកុនជាច្រើន នៅព្រះរាជាណាចក្រកម្ពុជា រួមមានដូចជា៖ រឿង «ភូមិអត់មនុស្ស», រឿង «ទុងព្រលឹង», «សង្សាខ្ញុំក្រមុំកូនមួយ», «ផ្ទះសរសរកណ្តាល» រឿងទាំងអស់នេះទទួលបានការគាំទ្រ និងប្រាក់ចំនូលខ្ពស់ផងដែរ៕