(ក្រចេះ)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ដឹកនាំសហការី ចុះប្រគល់អំណោយ មនុស្សធម៌មូលនិធីសង្គមអគ្គិសនីកម្ពុជា ជូនពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់១១៦គ្រួសារ ក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ។
ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នោះ រួមមាន មកពីសង្កាត់អូឬស្សី៣៩គ្រួសារ សង្កាត់ក្រចេះ ក្រុងក្រចេះ ៣៤គ្រួសារ និងឃុំបុសលាវ ស្រុកចិត្របុរី ៤៣គ្រួសារ។
អំណោយដែលប្រគល់ជូនក្នុងឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបាន អង្គរផ្កាមិ្លះ៥០គីឡូក្រាម, មីយើង១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងតង់កៅស៊ូ ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានប្រាប់ឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសកូនក្មេងៗ ដោយសាររដូវនេះជារដូវវស្សា ហើយខ្លាចក្រែងមានគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ៕