(កំពង់ស្ពឺ)៖ រថយន្តដឹកម៉ាស៊ូតមួយគ្រឿងរបស់ក្រុមហ៊ុនតេលា (Tela) បានក្រឡាប់ នៅក្បែរផ្សារឧដុងង្គ ចំងាយប្រមាណ៩គីឡូម៉ែត្រ នៅតាមផ្លូវជាតិលេខ៤៤ បណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មនុស្សម្នាក់ជាអ្នកបើកម៉ូតូស្លាប់ និងម្នាក់រងរបួសជាអ្នកជិះពីក្រោយ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានប្រាប់អង្គភាព Fresh News នៅយប់នេះថា គ្រោះថ្នាក់នេះបានកើតឡើង ដោយសាររថយន្តដឹកប្រេងម៉ាស៊ូត ក្រុមហ៊ុនតេលា ចំណុះ៣០០០លីត្រ បានគេចម៉ូតូក៏បណ្តាលឲ្យក្រឡាប់តែម្តង។ ក្រោយកើតហេតុភ្លាមៗលោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅត្រៀមបង្ការ ខ្លាចក្រែងមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង ខណ:ដែលប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅដណ្តើមដួសយកប្រេង។
លោកស្នងការបានបញ្ជាក់ទៀតថា នៅពេលប្រេងបានហូរចូលប្រឡាយនៅក្បែរនោះ ក៏ស្រាប់តែឆេះ ហើយដើម្បីការពារផ្ទះអ្នកស្រុក លោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ខាងស្នងការកំពង់ឆ្នាំង១គ្រឿង និងមកពីក្រុមហ៊ុនមួយគ្រឿងផងដែរ ដើម្បីបាញ់ស្កាត់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។
បើតាមលោកស្នងការ គ្រោះថ្នាក់នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះនោះឡើយ ហើយរថយន្តពន្លត់អគ្គិភ័យរបស់លោក នៅតែត្រៀមនៅកន្លែងកើតហេតុ ដោយសារប្រេងនៅតែស្រក់ ដោយរង់ចាំខាងក្រុមហ៊ុន មកស្ទូចយកទៅសិន។
ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជាច្រើននាក់បានទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ដឹងពីទំហំខូចខាតនោះឡើយ៕