(តាកែវ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២៧ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានពលរដ្ឋប្រមាណជិត៤០០នាក់ បានចូលរួមបរិច្ចាគថវិកា នៅផ្សារដើមរការ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា «បងប្អូនជនរួមជាតិខ្មែរនៅផ្សារដើមរការ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បានសម្តែងនូវភាពមិននឹកស្មានដល់ថា ក្រុមព្រះសង្ឃ ប៊ុត ប៊ុនតិញ បោះបង់នូវសពលោកបណ្ឌិត កែម ឡី ពាក់កណ្តាលទីចឹងសោះ ពីព្រោះពួកគាត់ ឮតែព្រះនាមអង្គនេះ ធ្វើរឿងនេះ ធ្វើរឿងនោះ ដើម្បីលោកបណ្ឌិត កែម ឡី ប៉ុន្តែដល់ពេលភាពជាក់ស្តែងបាត់ព្រះកាយព្រះអង្គនេះ ឲ្យឈឹងសូន្យតែម្តង»។
បើប្រធានគណបក្សយុវជនកម្ពុជា ពលរដ្ឋបញ្ជាក់ថា បើព្រះសង្ឃប៊ុត ប៊ុនតិញ មិនមានភាពសច្ចៈនៅក្នុងព្រះកាយរបស់ព្រះអង្គទេនោះ ព្រះអង្គគួរតែលាចាកសិក្ខាបទវិញទៅល្អជាង។
ពាក់ព័ន្ធការមិនពេញចិត្តនេះ លោក ពេជ្រ ស្រស់ បញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»។
សូមជម្រាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕