(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើប្រទេសចិន អនុញ្ញាតឲ្យលេង Facebook នោះចំនួនអ្នកចុះ Like Page របស់សម្ដេច នឹងកើនឡើងច្រើនជាងនេះទៅទៀត ខណៈដែល ចំនួន Like របស់សម្តេចតេជោពេលនេះ កើនឡើងជាង៨,៦លាននាក់។ ការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រសិនបើប្រទេសចិនអនុញ្ញាតឲ្យលេង Facebook ចំនួនអ្នកចុះ Like Page របស់សម្ដេចនឹងកើនឡើងច្រើនជាងនេះ ជាក់ជាមិនខាន ព្រោះថាអ្នកចុច Like Facebook មិនមានព្រំដែនកំណត់នោះទេ ទោះបីមនុស្សនោះ នៅប្រទេសណាក៏ដោយ។ ដោយឡែក Facebook របស់ទណ្ឌិត សម រង្ស៊ី ក៏មានជនជាតិបរទេសចុច Like ដូចគ្នាដែរ រហូតដល់ទៅជាង១លាននាក់ឯណោះ ដោយក្នុងនោះមកពីប្រទេសវៀតណាម ជាង១៣ម៉ឺននាក់។
សម្ដេចតេជោ ហ៊ុន សែន ក៏បាននិយាយចំអកឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅបរទេសនោះថា ជាមនុស្សដែលមិនចេះលេង Facebook ប៉ុន្ដែតាំងខ្លួនជាមេ Facebook ហើយសម្ដេចហៅ Facebook ដែលលោក សម រង្ស៊ី លេងរាល់ថ្ងៃនេះជាប្រភេទ Facebook ខ្យល់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សម រង្ស៊ី ការពិតទៅមនុស្សអត់ចេះលេង Facebook ផងហ្នឹង រួចមកតាំងខ្លួនធ្វើមេ Facebook ដល់ពេលខ្ញុំដាក់ Facebook របស់ខ្ញុំខុសគ្នា សម រង្ស៊ី អត់ស្គាល់អ្វីទៅដែលហៅថា Post Like អ្វីដែលហៅថា Total Page Like សម រង្ស៊ី អត់ដឹង ហើយអត់ស្គាល់ទេ...គឺចំនួន Like របស់ សម រង្ស៊ី មានការធ្លាក់ចុះរហូត អាហ្នឹងគេហៅថាប្រភេទ Facebook ខ្យល់»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ប៉ុន្មានថ្ងៃនេះ Facebook របស់លោក សម រង្ស៊ី គឺ Unlike រហូត ខណៈដែលគិតរយៈពេល១២ម៉ោងដូចគ្នា Facebook លោក សម រង្ស៊ី មានអ្នក Unlike ២៩នាក់ ហើយសម្ដេចវិញកើនឡើងរហូតដល់១,១៤៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ ទំព័រ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានអ្នកចុច Like រហូតដល់ ៨,៦៣២,១៨២នាក់ រីឯ Faebook របស់លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីនោះ មានត្រឹមតែ ៤,២៩៩,៥៦៨នាក់ប៉ុណ្ណោះ ពោលគឺខុសគ្នាប្រហែលជាងពាក់កណ្ដាល៕