(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្រ្តីប្រមាណ៤០០នាក់ ក្នុងនោះមានមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ មន្រ្តីក្រុមប្រឹក្សាខណ្ឌ ព្រះសង្ឃ កម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ កំលាំងយុវជន និង កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើពលកម្មបោសសំអាត ប្រមូលសំរាម និងបាញ់ទឹកលាងសំអាតផ្លូវ នៅតាមដងផ្លូវជាតិលេខ១ ចាប់ពីចំណុច គល់ស្ពានព្រះមុនីវង្ស រហូតចំណុចព្រំប្រទល់សង្កាត់និរោធ និងសង្កាត់វាលស្បូវ។
លោក ចេង មុនីរ៉ា មានថ្លែងថា ផ្លូវជាតិលេខ១ គឺជាផ្លូវដែលទើបស្ថាបនារួច ហើយក៏ជាផ្លូវហាយវ៉េដ៏ស្រស់ស្អាតមួយផងដែរ។ យើងមិនបណ្តែត បណ្តោយឱ្យដងផ្លូវនេះ បាត់បង់សោភ័ណភាព និង គ្មានសណ្តាប់ធ្នាប់នោះទេ យើងត្រូវតែរួមគ្នាសំអាតឱ្យបានល្អ។ មន្រ្តីអាជ្ញាធរសង្កាត់ ខណ្ឌ ឬក្រុមហ៊ុនប្រមូលសំរ៉ាម មិនអាចធ្វើតែឯកឯងបាននោះទេ បើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ។
លោកបានលើកឡើងទៀតថា៖ ចាប់ពីពេលនេះតទៅ រដ្ឋបាលខណ្ឌច្បារអំពៅ មិនឱ្យកើតមានការឈប់ឡានតាមដងផ្លូវ ការឈប់ឡានចាប់ម៉ូយពីសំណាក់អ្នករត់ឡាន តាក់ស៊ីប្រសេកប្រសាចដូចមុនទៀតឡើយ ហើយរាល់ការលក់ដូរលើចិញ្ចើមផ្លូវក៏មិនត្រូវឱ្យកើតមានដែរ។
ជាមួយគ្នានឹងការធ្វើអនាម័យសំអាតបរិស្ថាននេះ, លោកងភិបាលខណ្ឌ ក៍បានណែនាំ ដល់បងប្អូនអាជីវករដែល ដាក់តាំងលក់មុខទំនិញគ្រប់ប្រភេទ តាមមុខផ្ទះនិង ចិញ្ចើមផ្លូវ កុំឱ្យដាក់តាំងលក់នូវមុខ ទំនិញហូរហៀរមកលើផ្លូវ សាធារណ:ត្រូវខិតចូលមកខាងក្នុងដើម្បីឱ្យមានរបៀបរៀបរយល្អ ដោយមិនត្រូវយកចិញ្ចើមថ្នល់ទៅប្រកបអាជីវកម្មទេ ព្រោះវាបានធ្វើឱ្យប៉ះពាល់ការធ្វើដំណើររបស់អ្នកថ្មើរជើង និងសណ្តាប់ធ្នាប់សាធារណៈ ។
លោកបានបថ្លែងបន្តថា អ្នកធ្វើដំណើរតាមផ្លូវនេះ បានគាំទ្រលើអាជ្ញាធរខណ្ឌច្បារអំពៅ ដែលនាំកម្លាំងចុះមកធ្វើអនាម័យសំអាតបរិស្ថាន ក៍ដូចជារៀបចំ សណ្តាប់ធ្នាប់បញ្ចៀសការកកស្ទះតាមដងផ្លូវ។ ប្រជាពលរដ្ឋក៍បានស្នើដល់អាជ្ញាធរខណ្ឌ សង្កាត់ ឱ្យចុះធ្វើការងារនេះ ជាប្រចាំ ចៀសវាងការឈប់ឡានតាមដងផ្លូវ ការតាំងទំនិញលក់ដូរគ្មានសណ្តាប់ធ្នាប់ ជាពិសេសត្រូវរិតបន្តឹងដល់ម្ចាស់ឡានដឹកដី ដឹកខ្សាច់ ដែលជាហេតុចំបងបំផុតធ្វើឱ្យប្រឡាក់ផ្លូវសព្វថ្ងៃនេះ៕