(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើជំនាញកុំព្យូទ័រជូនសិក្ខាកាមចំនួន១៣៤នាក់ ដោយមានការចូលរួមពីក្រុមការងារ លោកអភិបាលស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
តាមរបាយការណ៍លោក ហុង សុខអឿន អ្នកគ្រប់គ្រង និងជាបង្រៀនកុំព្យូទ័របានឲ្យដឹងថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រខាងលើ ទទួលបានការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ថោង ខុន និងលោកស្រី និងមានការចូលរួមជួយឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រ និងសម្ភារមួយចំនួនពីសប្បុរសជន និងក្រុមហ៊ុនឯកជននានាផងដែរ។
លោកបន្តថា គិតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានបណ្តុះបណ្តាលបញ្ចប់ជាស្ថាពរចំនួន ២២វគ្គ មានសិក្ខាកាមសរុបចំនួន ៧៦៩នាក់ ចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន លើកម្មវិធីសិក្សា៖ មូលដ្ឋានគ្រឹះរបស់កុំព្យូទ័រ, Microsoft Word, Microsoft Excel, ការថែរក្សា និងកំចាត់មេរោគកុំព្យូទ័រ, ការប្រើប្រាស់ប្រព័ន្ធ Internet, Email, កម្មវិធីកម្សាន្តផ្សេងៗ និងបណ្តាញសង្គម Facebook ជាដើម។
ក្នុងឱកាសនោះ លោក ថោង ខុន បានជម្រាបជូនសិស្សានុសិស្ស ពីការលំបាកវេទនារបស់ប្រជាពលរដ្ឋ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការក្រោកឡើងតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជានកម្ពុជា ក្នុងការរំដោះប្រទេសជាតិឲ្យឆ្លងផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងប្រទេសជាតិពីបាតដៃទទេរហូតដល់មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបន្តថា បច្ចុប្បន្នប្រទេសជាតិមានការរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី តែងបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ពិសេសគឺយុវជនជំនាន់ក្រោយ ដែលចាំបាច់ត្រូវមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ភាសាបរទេស និងព័ត៌មានវិទ្យា (Information Technology) ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនសម្បូររុងរឿង។
លោកប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត លើផ្នែកបច្ចេកវិទ្យាព័តមានកំព្យូទ័រនេះ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនអោយកាន់តែខ្លាំងថែមទៀត ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត៕