(កំពង់ចាម)៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំប្រជុំផ្សព្វផ្សាយ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមប្រធានបទ «ចូលរួមទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ តាមរយៈសកម្មភាពសាសនា»។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីព្រះសង្ឃគ្រប់វត្ត ថ្នាក់ដឹកនាំឥស្លាមសាសនិក ថ្នាក់ដឹកនាំគ្រឹស្ទសាសនិកគ្រប់វិហារ ស្នាក់ការ សាលារៀន ដែលមានចរិកសាសនា និងសាសនិក នៃសាសនាដទៃទៀត ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំខេត្តមន្ទីរជុំវិញខេត្ត សរុបប្រមាណ ជិត១,០០០អង្គ/នាក់។
រដ្ឋមន្ដ្រី ហ៊ឹម ឆែម និងអភិបាលខេត្តកំពង់ចាម បានសំណូមពរ ឲ្យព្រះសង្ឃ លោកអាចារ្យ អាចារិនី មេដឹកនាំគ្រប់សាសនា ព្រះមេត្តា មេត្តាជួយអប់រំផ្សព្វផ្សាយ ឲ្យជ្រូតជ្រាបពី ច្បាប់ស្តីពីការទប់ស្កាត់ការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ច្បាប់ចរាចរណ៍ការជួញដូរមនុស្ស ជាដើម ដល់បរិស័ទគ្រប់ទីកន្លែង ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាល៕