(ភ្នំពេញ)៖ ករណីស្ដ្រីជនជាតិកូរ៉េម្នាក់ ដែលបានបើករថយន្ដធ្លាក់ចូលក្នុងទន្លេ នៅកំពង់ចម្លងស្វាយជ្រុំ ស្ថិតក្នុងសង្កាត់ស្វាយជ្រុំ ខណ្ឌឬស្សីកែវ នៅវេលាម៉ោងប្រមាណ០៨៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានសមត្ថកិច្ចអះអាងថា ព្រោះតែជនរងគ្រោះមិនស្រួលខ្លួនពេលកំពុងបើកបរ ហើយពេលនេះសពត្រូវបានតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែត។
ជនរងគ្រោះឈ្មោះ គីម មៀងស៊ុក អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 2Q-1165។
បើតាមការរៀបរាប់ពីកូនសិស្សរបស់ស្ដ្រីរងគ្រោះ បានឲ្យដឹងថា រាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ ជនរងគ្រោះតែងតែឆ្លងតាមកំពង់ចម្លងស្វាយជ្រុំ ដើម្បីទៅបង្រៀន និងផ្សាព្វផ្សាយសាសនាគ្រឹះនៅព្រែកតាកូវ ក្នុងស្រុកខ្សាច់កណ្ដាល ដែលការបង្រៀននេះធ្វើឡើងរយៈពេល៩ឆ្នាំទៅហើយ ប៉ុន្ដែអកុសលថ្ងៃនេះ ស្ដ្រីរងគ្រោះមិនស្រួលខ្លួន ក៏បានបើករថយន្ដធ្លាក់ចូលទន្លេតែម្ដង ពេលកំពុងរៀបចំឡើងលើសាឡាង។
ក្រោយធ្លាក់រថយន្ដចូលក្នុងទឹកទន្លេ ស្ដ្រីរងគ្រោះបានជាប់ទៅក្នុងរថយន្ដ ប៉ុន្ដែដោយសារស្ថានភាពទឹកហូរខ្លាំង កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រយៈពេលជាង១ម៉ោង ដើម្បីជួយសង្គ្រោះ ដោយយករថយន្ដស្ទួច មកស្ទួចរថយន្ដដែលធ្លាក់ចូលក្នុងទឹកនោះ ឡើយមកលើគោក ប៉ុន្ដែអកុសលពេលមកដល់លើគោក ស្ដ្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពរបស់ស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យកូនសិស្ស និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនាគ្រឹះ៕