(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានមហាគ្រួសារម៉ូតូឌុប មហាគ្រួសារគ្រូបង្រៀន មហាគ្រួសារនិវត្តន៍ជន ក៏ដូចជាមហាគ្រួសារជាង ទូទាំងខេត្តពោធិ៍សាត់ហើយនោះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួល និងបង្កើតឲ្យមានគ្រួសារអ្នករត់តាក់ស៊ីបន្ថែមទៀត ដើម្បីរួមសុខ រួមទុក្ខជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា។ ជាមួយគ្នានេះ សមាជិកអ្នករត់តាក់ស៊ីនៅក្នុងខេត្តនេះ បានគាំទ្រឱ្យ លោក ម៉ៅ ធនិន ធ្វើជាមេគ្រួសាររបស់ពួកគេ។

លោក ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី១ហើយ ដែលលោកបានជួបសំណេះសំណាល ជាមួយអ្នករត់តាក់ស៊ីទាំងអស់ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ៧៩នាក់ ហើយថ្ងៃនេះ លោកចង់ឃើញនូវស្នាមញញឹម របស់បងប្អូនអ្នករត់តាក់ស៊ី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នា ងាយស្រួលពេលមានបញ្ហាអ្វីកើតឡើង ត្រូវជួយគ្នាទៅវិញទៅមក ក្នុងនាមគ្រួសារតែមួយ។

លោកបានថ្លែងការកោតសរសើរដោយស្មោះ ចំពោះអ្នករត់តាក់ស៊ី ដែលបានខិតខំរកស៊ីទទួលទាន សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដោយសុច្ចរិត ប្រកបដោយភាពសុខសាន្ត។

ជាមួយគ្នានោះ អភិបាលខេត្តរូបនេះ បានកត់សំគាល់ឃើញថា ពលរដ្ឋមានមុខរបររត់តាក់ស៊ី ទាំងអាជីពក្តី ឬអត់អាជីពក្តី គឺសុទ្ធតែជាធនធានមនុស្សដ៏មានសារសំខាន់ ព្រោះថាអ្នកទាំងនោះបានធ្វើដំណើរគ្រប់ច្រកល្ហករាល់ថ្ងៃ អាចបានដឹងព័ត៌មានពីមូលដ្ឋានច្រើន ទាំងវិជ្ជមាន និងអវិជ្ជមាន ជាពិសេសការងារសន្តិសុខ និងការងារអភិវឌ្ឍន៍ ដើម្បីផ្តល់ជូនឲ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានដឹង និងចុះទៅដោះស្រាយ ឲ្យបានទាន់ពេលវេលា។

លោកថ្លែងបន្តថា យើងដឹងហើយថា ថ្វីត្បិតតែនៅទូទាំងប្រទេស មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងណាក៏ដោយ ក៏យើងនៅតែពង្រឹង សម្តៅធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់ខ្លួន ទទួលបានភាពកក់ក្តៅ ភាពសុខសាន្ត និងធ្វើឲ្យជីវភាពរស់នៅ កាន់តែប្រសើរឡើង។

លោក ម៉ៅ ធនិន បន្ដទៀតថា ​ក្នុងនាមមេគ្រួសារ លោកក៏បានសំណូមពរទៅដល់បងប្អូន មានមុខរបររត់តាក់ស៊ី ត្រូវខិតខំប្រឹងប្រែង តស៊ូ ព្យាយាម អត់ធ្មត់ ចេះរួបរួមសាមគ្គីជួយគ្នាទៅវិញទៅមក កុំឲ្យមានការថ្នាំងថ្នាក់ ដែលនាំឲ្យមានការប៉ះពាល់ដល់ការរកទទួលទាន ប៉ះពាល់ដល់សង្គម ហើយបើមានករណីណាមួយកើតឡើង សូមរាយការណ៍ ឬទូរស័ព្ទមកលោកដោយផ្ទាល់ ដើម្បីរួមគ្នាធ្វើការសម្របសម្រួល ដោះស្រាយភ្លាមៗ និងត្រូវមានជំនឿជឿជាក់មកលើរដ្ឋអំណាចមូលដ្ឋាន ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល ខិតខំកសាងបានសមិទ្ធផលជាច្រើន ដូចនេះត្រូវចេះថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានយូរអង្វែងដល់កូនចៅ​ ជំនាន់ក្រោយៗទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានដោះស្រាយបញ្ហាមួយចំនួន ទាក់ទងនឹងបងប្អូនអ្នករត់តាក់ស៊ី ជាមួយអ្នកទទួលម៉ៅការបេន និងបានអំពាវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងបានឧបត្ថម្ភថវិកា និងអង្ករប្រចាំខែ ដល់លោក ប៊ិន សារ៉ាន់ ជាអ្នករត់តាក់ស៊ី មានជំងឺប្រចាំកាយ, ឧបត្ថម្ភរទះរុញ និងអង្ករប្រចាំខែ ដល់ក្រុមគ្រួសារអ្នករត់តាក់ស៊ី​៤នាក់ ដែលពិការភាពមានការលំបាក និងបានរៀបចំឲ្យមានកម្មវិធី ពិសាបាយសាមគ្គីជួបជុំគ្នានាឱកាសនោះផងដែរ៕