(កោះកុង)៖ ដោយសារភ្លើងប្រច័ណ្ឌ ក្រោយបែកគ្នា៥ខែនោះ បុរសជាប្តី ពេលមកលេង សុំប្រពន្ធរួមដំណែកមិនបាន ក៏កើតអំពើហិង្សាទាំងយប់ ដោយប្តីយកកាំបិតចិតបន្លែ ចាក់សម្លាប់ប្រពន្ធ រួចប៉ងចាក់សម្លាប់ខ្លួនឯងតែមិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១៖៣០នាទី យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អធិការរងស្រុកមណ្ឌលសីមា លោក ណាក់ នី បានឲ្យដឹងថា ករណីប្តីប្រើអំពើហិង្សាចាក់សម្លាប់ប្រពន្ធនេះ គឺប្តីមានឈ្មោះ វៀង យ៉ាងដឹក អាយុ៤៧ឆ្នាំ និងប្រពន្ធមានឈ្មោះ ង្វៀង ធឹងយាម អាយុ៣១ឆ្នាំ មុខរបរនេសាទ។
អធិការរងរូបនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះទើបមកពីភ្នំពេញ (ទៅភ្នំពេញ៥ខែមកហើយ)។ ពេលដល់ផ្ទះ ស្រាប់តែប្តីប្រពន្ធទាំងពីរ មានទំនាស់នឹងគ្នាក្នុងគ្រួសាររហូតដល់កើតអំពើហិង្សា ប្តីបានយកកាំបិតចិតបន្លែចុងស្រួច ចាក់ប្រពន្ធ១កាំបិត ពីក្រោយចំខាងក្រោមស្លាបក្រចៀវខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែង រួចប្តីជាជនសង្ស័យប៉ងយកកាំបិតនោះ ចាក់ខ្លួនឯងក្នុងបំណងបញ្ចប់ជីវិត តែត្រូវបានអ្នកជិតខាងបានជួយយកមកសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេលវេលា។
ក្រោយពីធ្វើកោសល្យវិច្ច័យទៅលើសាកសពរួចរាល់ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារប្តី យកកាំបិតចាក់ពិតប្រាកដមែន រួចហើយសមត្ថកិច្ច បានប្រគល់សាកសពទៅឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕