(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារថែរក្សានូវតម្លៃនៃសុខសន្តិភាពកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាន នូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។ ជាពិសេសត្រូវបន្តពង្រឹង និងពង្រីកបន្ថែមសំឡេងគាំទ្រ ធ្វើយ៉ាងណារក្សាកម្លាំងចាស់ និងគៀងគរសំឡេងថ្មី បោះឆ្នោតជូនគណបក្សប្រជាជន នៅឆ្នាំ២០១៨ ខាងមុខ។
ការអំពាវនាវរបស់ លោកអភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើង ឱកាសប្រគល់ជូនជានិមិត្តរូប នូវសត្វគោចំនួន៨០ក្បាល ដល់តំណាងភូមិខ្មែរឥស្លាមចំនួន៤០ភូមិ ទូទាំងខេត្ត នៅក្នុងបរិវេណវិហារឥស្លាមស្វាយប៉ាក ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់។ អំណោយទាងនេះ របស់សប្បុរសជន នៅប្រទេសម៉ាឡេស៊ី តាមរយៈលោក យូ ពីយ៉ាន និស្សិតខ្មែរឥស្លាម រៀននៅប្រទេសម៉ាឡេស៊ី ជាកូនរបស់លោក យ៉េប យូ ប្រធានហាកឹមភូមិស្វាយប៉ាក ស្រុកភ្នំក្រវាញ ដើម្បីត្រៀមទុកសម្រាប់ធ្វើពិធីបុណ្យរ៉ូយ៉ើហាជី ឬបុណ្យហាជ្ជ នៃសាសនាឥស្លាមទូទាំងសកលលោក ដែលគ្រោងធ្វើនៅដើមខែកញ្ញាខាងមុខនេះ។
លោក ម៉ៅ ធនិន ក៏បានកោតសសើរពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមមូលដ្ឋានដោយសារកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ជាមួយនឹងកិច្ចសហការយ៉ាងល្អ របស់មន្រ្តីគណៈចលនាពីថ្នាក់កណ្តាលដល់មូលដ្ឋាន ធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា របស់សាសនិកឥស្លាម ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅថ្មីៗនេះ គឺបានទទួលជ័យជម្នះ និងភាគរយខ្ពស់ហួសពីការស្មាន ជាពិសេសការិយាល័យ ដែលមានសាសនិកឥស្លាមរស់នៅច្រើន គឺសុទ្ធតែបានសម្លេងបក្សប្រជាជនឈ្នះដាច់។
លោកបានលើកឡើងថា ថ្វីត្បិតតែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែសាសនាណា ក៏ដូចសាសនាណាដែរ ពោលគឺដឹកនាំទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាព ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និយាយជារួម និងនិយាយដោយឡែក ដែលមាននៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតក្នុងថ្ងៃជាមួយគ្នា គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានគុណដ៏ធំធេងរបស់សម្ដេចទាំង៣ រំដោះផុតពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
យ៉ាងណាមិញ លោកបានរំលឹកថា នៅសល់តែប៉ុន្មានខែប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ហើយ ដូច្នេះពលរដ្ឋខ្មែរឥស្លាម ត្រូវខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តទាំងអស់គ្នា រួមជាមួយនឹងប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីបំពេញកិច្ចការ រក្សាការពារនូវសុខសន្ដិភាព និងការរីកចម្រើនសម្រាប់ខ្លួនឯង ក្នុងការទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕