(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៤ បានណែនាំដល់កម្មសិក្សាការី នៅក្នុងវគ្គហ្វឹកហ្វឺន ទាំងអស់ថា ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលអនាគតរបស់ពួកគេ។ លោកទុករយៈពេល៦ខែ សម្រាប់អ្នកដែលប្រើប្រាស់គ្រឿងញៀន ឱ្យបញ្ឈប់ជាបន្ទាន់ ហើយធ្វើការកែប្រែខ្លួនឱ្យបានត្រឹមត្រូវ។ ដោយឡែកបើមានអ្នកដែលជួញដូរ នឹងត្រូវទទួលទោសតាមច្បាប់ ហើយកាត់ឈ្មោះចេញពី ក្របខណ្ឌកងយោធពលខេមរភូមិន្ទតែម្តង។
ការថ្លែងបែបនេះរបស់ លោកមេបញ្ជាការរង បានធ្វើឡើងក្នុងពីធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់វរៈសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅភូមិមហាផលចំណុច VA (93-082- 23-650) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក ស៊ូ សេរី អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត ។
ឧត្តមសេនីយ៍ទោ ពៅ ហេង បានសង្កត់ធ្ងន់ថា អ្នកដែលដឹងថា ខ្លួនបានប្រើប្រាស់គ្រឿង សូមបញ្ឈប់ជាបន្ទាន់ ហើយធ្វើការកែប្រែខ្លួនឡើងវិញ ដោយទុកឱកាសឲ្យ៦ខែ គឺ៣ខែធ្វើតេស្តទឹកនោមម្តង រហូតដល់៦ខែធ្វើតេស្តទឹកនោមម្តងទៀត បើការធ្វើតេស្តបង្ហាញថា នៅមានសារធាតុញៀនទៀត ត្រូវអនុវត្តទៅតាមច្បាប់លើសពីនេះ គឺត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ដោយចំពោះអ្នកដែលពាក់ព័ន្ធជួញដូរគ្រឿងញៀន គឺត្រូវទទួលទោសដាក់ពន្ធនាគារ និងកាត់ឈ្មោះចេញតែម្តង ដូច្នេះសូមកម្មសិក្សាការី ក៏ដូចជានាយ និងពលទាហានទាំងអស់ នៅតំបន់សឹករងព្រះវិហារ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ហើយបើទើបប្រើប្រាស់ទេ ត្រូវប្រញាប់បញ្ឈប់ហើយកែប្រែខ្លួនឡើងវិញ។
លោកមេបញ្ជាការរងរូបនេះ អះអាងថា ក្នុងនាមជាអ្នកការពារជាតិ ការពារប្រជាជន បើធ្លាក់ខ្លួនញៀនថ្នាំ តើឲ្យប្រទេសជាតិសង្ឃឹមលើអ្វីទៀត ដូច្នេះទាំងអស់គ្នា ត្រូវតែឆ្លើយទេចំពោះគ្រឿងញៀន ផ្ទុយទៅវិញត្រូវខិតខំហ្វឹកហ្វឺន នូវយុទ្ធវិធី យុទ្ធសាស្ត្រនានារបស់កងទ័ព ដែលជាទុនមួយសម្រាប់យកទៅអនុវត្តជាក់ស្តែង ក្នុងករណីចាំបាច់ណាមួយ បើមិនខំហ្វឹកហាត់ទេនោះ នឹងមិនចេះនោះទេ ព្រោះសម័យនេះ វិទ្យាសាស្ត្រជឿនលឿនណាស់ របស់ប្រើប្រាស់ក៏ទំនើប ដូចជាគ្រឿងសព្វាវុធ របស់កងទ័ពជាដើម ដូច្នេះត្រូវខិតខំហ្វឹកហាត់រៀនសូត្រ ឲ្យចេះស្ទាត់គ្រប់ៗគ្នា៕