(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកោះធំ ប្រាប់ឲ្យសមាជិកបក្ស ត្រូវខិតខំប្រឹងប្រែងចុះតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋដើម្បីណែនាំ និងពន្យល់ឲ្យមានការយល់ដឹងអំពី សមិទ្ធផលសម្រេចបាននានា និងកិច្ចខិតខំប្រែងប្រែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន។
ក្នុងពិធីសំណេះសំណាល នៅទីស្នាក់ការគណបក្សស្រុកកោះធំ ដែលមានការចូលរួមពី សមាជិកមកពីភូមិចំនួន១៥ ក្នុងឃុំព្រែកថ្មី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យសមាជិក សមាជិកាបក្សទាំងអស់ ជួយសម្របសម្រួលក្នុងការធ្វើការឯកសារចាំបាច់នានា ជាពិសេសជួយរៀបចំឯកសារ របស់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ដើម្បីពួកគាត់អាចចូលរួមក្នុងការបោះឆ្នោត នាពេលខាងមុខបាន។
ក្រោយពីបានជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស និងគ្រួសារបក្ស មកពីឃុំព្រែកថ្មីរួចមក លោក ស៊ុន ចាន់ថុល បានបន្តដំណើរឆ្ពោះទៅកាន់ឃុំព្រែកស្តី ដើម្បីជួបសំណេះសំណាល ជាមួយសកម្មជនរបស់គណបក្សឃុំ ដែលបានប្រព្រឹត្តទៅនៅ ទីស្នាក់ការរបស់គណៈកម្មាធិការ គណបក្សឃុំព្រែកស្តី ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការគណបក្សឃុំ ក្រុមការងារយុវជនឃុំ ក្រុមការងារស្ត្រីឃុំ និងសមាជិកសមាជិកាបក្សភូមិ សរុបប្រមាណជាង២៣៥នាក់។
លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បង្កើនប្រាក់បៀវត្សកម្មករកម្មការិនី ឲ្យបានសមរម្យ និងផ្តល់សេវាសាធារណៈ ជូនកម្មករកម្មការិនី ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ឲ្យមានជីវភាពរស់នៅសមរម្យជាងមុន។
បន្ថែមពីនេះ លោកបានផ្តាំផ្ញើដល់សមាជិក សមាជិកា និងសកម្មជនបក្សទាំងអស់ ត្រូវខិតខំប្រែងដោះស្រាយបញ្ហា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនសេចក្តីទុក្ខចិត្ត និងទាក់ទាញប្រជាប្រិយភាព ដើម្បីឈានទៅទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ៕