(ភ្នំពេញ)៖ បន្ទាប់ពីឃើញការផ្សាយផ្ទាល់តាមរយៈ Facebook របស់នាយករដ្ឋមន្រ្តី និងផ្សាយផ្ទាល់តាមរយៈ Fresh News ផងដែរនោះ បងប្រុសម្នាក់បានផ្ញើសំណេរមួយច្បាប់មកកាន់អង្គភាពព័ត៌មាន Fresh News ដោយសុំមិនឲ្យបញ្ចេញឈ្មោះដោយរៀបរាប់ពីអ្វីដែលរូបគាត់ និងមិត្តភក្រ្តរបស់គាត់ជាជនបរទេសជជែកគ្នាពេលកំពុងស្រស់ស្រូបអាហារ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។ សំណេរមានខ្លឹមសារដូចខាងក្រោម៖

«ព្រឹកមិញនេះថ្ងៃសៅរ៍ ទី២៦ ខែសីហា ខ្ញុំបានណាត់ជួបហូបអាហារពេលព្រឹកជាមួយមិត្តភ័ក្តិជនបរទេសម្នាក់។ គាត់ជាជនជាតិកាណា (Ghana) ដែលមកបំពេញ បេសកកម្មនៅកម្ពុជាតាមរយៈអង្គការអន្តរជាតិមួយ។ ពេលកំពុងស្រស់ស្រូបអាហារ និងជជែកគ្នាលេង ខ្ញុំបានបើកមើលហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុង Live ចេញពីផ្សារធំថ្មីដើម្បីបង្ហាញពីដំណើររបស់លោកទៅជួបសួរសុខទុក្ខអាជីវករនៅទីនោះ។ ពេលខ្ញុំកំពុងមើលជនបរទេសរូបនោះក៏ចោទសួរខ្ញុំថា តើខ្ញុំកំពុងមើលអ្វីម៉េចមានមនុស្សច្រើនម្ល៉េះ? ខ្ញុំប្រាប់គាត់ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅផ្សារថ្មីហើយគេកំពុង Live ផ្ទាល់តាម​ Facebook និង Fresh News។

ជនបរទេសរូបនោះក៏ទាញទូរស័ព្ទពីខ្ញុំហើយអះអាងថា គាត់សុំមើលដែរ។ មើលមួយសន្ទុះគាត់ហាក់ដូចមានអារម្មណ៍ចម្លែកហើយសួរខ្ញុំថា ពិតជានាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅផ្សារថ្មីមែនឬ? ខ្ញុំថា មែនហើយ អ្នកមិនឃើញទេឬ? គាត់សម្តែងការភ្ញាក់ផ្អើលហើយនិយាយថា គាត់ហាក់មិនជឿខ្លួនឯងទេថា ប្រជាពលរដ្ឋខ្មែរ ចូលចិត្តនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងនេះ ព្រោះគាត់ធ្លាប់តែអានកាសែតបរទេសលឺថា នាយករដ្ឋមន្រ្តី ហ៊ុន សែន អស់ប្រជាប្រិយភាពហើយ ពលរដ្ឋខ្មែរមិនគាំទ្រគាត់ទៀតទេ ហើយខ្ញុំក៏មិនដែលជឿថា គាត់ហ៊ានដើរចូលផ្សារយ៉ាងព្រងើយបែបនេះដែរ ព្រោះលឺថា ប្រជាជនភ្នំពេញមិនចូលចិត្តគាត់។

តែពេលឃើញបែបនេះជនបរទេសរូបនោះលាន់មាត់ថា ពិតជាមិនគួរឲ្យជឿទេ។ ប្រជាជនខ្មែរស្រឡាញ់នាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងនេះ? គាត់បន្តថា នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាប្រិយភាពខ្លាំងជាងលោក សម រង្ស៊ី និងលោក កឹម សុខា ឆ្ងាយណាស់ ពីព្រោះគាត់ធ្លាប់បានឃើញមេដឹកនាំបក្សប្រឆាំង ចុះជួបប្រជាពលរដ្ឋដែរ តែមិនសូវមានការគាំទ្រគគ្រឹកគគ្រេងបែបនេះទេ។ ចឹងបានជានាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះឆ្នោតរហូតមកពីព្រោះប្រជាប្រិយភាព គាត់ខ្ពស់ណាស់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

គាត់បន្តទៀតថា អ៊ីចឹងពួកកាសែតបរទេសទាំងនោះនិយាយគ្មានការពិតទេមែនអត់? ខ្ញុំប្រហែលជាត្រូវដកសេចក្តីទុកចិត្តពីសារព័ត៌មានបរទេសខ្លះហើយទើបល្អ តែខ្ញុំអត់ចេះភាសាខ្មែរទើបមិនអាចអានកាសែត ឬមើលទូរទស្សន៍ខ្មែរបាន។ ខ្ញុំក៏ប្រាប់គាត់ថា ចឹងលោករៀនភាសាខ្មែរទៅទើបល្អព្រោះកាសែតបរទេស មិនសូវនិយាយល្អពីកម្ពុជាទេ។ គាត់ងក់ក្បាលយល់ស្របហើយនិយាយថា មនុស្សយើងជួនកាលត្រូវបានសារព័ត៌មានបង្វិលខួរក្បាលឲ្យយល់ខុស ដូច្នេះ ខ្ញុំត្រូវប្រយ័ត្នបន្តិចចាប់ពីពេលនេះទៅ!»៕

នេះជាសំណេររបស់បងប្រុសម្នាក់ដែលផ្ញើមក Fresh News ដោយសុំមិនឲ្យបញ្ចេញឈ្មោះ !