(ស្វាយរៀង)៖ ស្ត្រីម្នាក់ត្រូវចោប្លន់បាញ់គ្រាប់ ត្រូវចំសៀតផ្កា ដេកស្លាប់ក្រោមផ្ទះ ក្នុងថ្លុកឈាម ប្លន់យកទ្រព្យសម្បត្តិអស់ ខណៈប្តីមកធ្វើការនៅភ្នំពេញ។

ករណីខាងលើនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ សូរ ឈន អាយុ៥៤ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ ៤០ឆ្នាំត្រូវប្រពន្ធ សព្វថ្ងៃធ្វើការនៅរោងចក្រ ហើយនៅល្ងាចកើតហេតុថ្ងៃទី២៥ ខែសីហា ម៉ោងប្រហែល៤ជាង គាត់បានទូរស័ព្ទពីភ្នំពេញ មកប្រពន្ធសួរថា តើមានធ្វើការថែមម៉ោង ឬអត់ស្ត្រីរងគ្រោះ បានឆ្លើយថាធ្វើ។លុះមកដល់៨ជាងយប់ ក៏ទូរស័ព្ទសួរទៀតដូចសព្វមួយដង ក៏ប៉ុន្តែគ្មានអ្នកលើកនោះទេ។

ប្តីស្ត្រីរងគ្រោះបន្តថា ដោយសង្ស័យថា ប្រហែលជាមានរឿងអី ហើយក៏ហៅក្មួយប្រុសជិះម៉ូតូឌុប ពីភ្នំពេញទៅខេត្តស្វាយរៀងទាំងយប់ ហើយនៅម៉ោង៣៖៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៧ ម៉ោង៨៖៣៥នាទីទើបមកដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធដេកស្លាប់ នៅក្រោមផ្ទះជិតកាំជណ្តើរ ក្នុងថ្លុកឈាមគួរឲ្យសង្វែក។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុគឺនៅក្នុងភូមិមានពិធីបូជាសព និងការបាញ់កាំជ្រួចយ៉ាងច្រើន បន្ទាប់មកឮស្នូរផ្ទុះក្រោយពីបាញ់កាំជ្រួចចំនួន២គ្រាប់ អ្នកភូមិស្មានថា ជាស្នូរបាញ់កាំជ្រួចអ្នកខ្លះគិតថា ផ្ទុះកំប៉ុងហ្គាស លុះព្រឹកឡើងទើបដឹងថា ជាករណីប្លន់សម្លាប់ទើបបង្កឲ្យភ្ញាក់ផ្អើល ដល់ពលរដ្ឋក្នុងភូមិទៅចោមរោមមើល។

នគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ករណីបាញ់សម្លាប់ស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យមើល និងសន្និដ្ឋានថា ជាករណីប្លន់សម្លាប់ពិតមែន ដោយប្តីស្ត្រីរងគ្រោះប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់នោះ រួមមាន៖ខ្សែ.កមាស១តម្លឹង ខ្សែដៃ២ខ្សែស្មើ១តម្លឹងកន្លះ លុយ១៧០០ដុល្លារ ប្រាក់រៀល២,៧០០,០០០រៀល។

បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើង ស្រាវជ្រាវវែកមុខចោរប្លន់ទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕