(សៀមរាប)៖ កម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក្រោយចាប់ក្មេងអាយុ៥ឆ្នាំ ជ្រមុជចូលក្នុងទឹកថ្លុក បណ្ដាលឲ្យស្លាប់ភា្លមៗ នៅចំណុចផ្លូវ១៥ម៉ែត្រ នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសដែលក្លាយខ្លួនជាឃាតក ហើយឃាត់ខ្លួននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ឈ្មោះ យ៉ិក ស្នា កើតនៅថ្ងៃទី២៥ ខែ០៩ ឆ្នាំ២០០៣ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ដ្រីនគរបាលបានប្រាប់ពីដំណើររឿងថា នៅថ្ងៃទៅ២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦៖៣០នាទី ស្ថិតនៅចំណុចផ្លូវ១៥ម៉ែត្រ នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានសាកសពឈ្ម៖ ស៊ត់ ភារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ ស៊ត់ សៃ មុខរបរជានគរបាល បានស្លាប់នៅក្នុងក្រឡុកទឹកក្បែរ។
កម្លាំងសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ហើយបាននាំជនសង្ស័យមកសួរនាំ និងបានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូទៅធ្វើសោ មកវិញខ្លួនបានជិះម៉ូតូទៅលាងនៅក្រឡុកទឹកបណ្តោយផ្លូវ ពេលកំពុងលាងម៉ូតូ ស្រាប់តែឃើញក្មេងប្រុស មិនស្គាល់ឈ្មោះ បានដើរមកលេងទឹកក្រឡុកខ្លួនលាងម៉ូតូ ហើយក៏ប្រលែងគ្នាលេង ពេលនោះក្មេងប្រុសនោះបានឡើងជិះលើខ្នងខ្លួនធ្វើឲ្យច្រមុជទឹក ហើយខ្លួនក៏ខឹងស្ទុះក្រោកឈរ និងរុញស្មាក្មេងនោះ ដួលផ្កាប់មុខទៅក្នុងទឹក ហើយខ្លួនបានលើជើងដាក់លើគន្លាក់ជង្គង់ផ្នែកខាងក្រោយក្មេងនោះ និងយកដៃឱបទ្រូងក្មេងនោះ ហើយបានច្រមុជក្បាលទៅក្នុងទឹកប្រហែល ២-៣នាទី ទើបខ្លួនក្រោកមកយកម៉ូតូជិះទៅលើផ្លូវ។ ពេលនោះខ្លួនឃើញក្មេងប្រុសមិនងើបឡើង ទើបចុះមកលើអូសក្បាលដោយពោះឡើងលើ ផ្នែកក្បាលទៅទិសខាងកើត ចំណែកដងខ្លួន និងជើងនៅក្នុងទឹក បែរទៅទិសខាងលិច ហើយខ្លួនបានជិះម៉ូតូទៅផ្ទះវិញ។
បច្ចុប្បន្នជនសង្ស័យវ័យក្មេងរូបនេះ ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕