(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ចេញមកបដិសេធទាំងស្រុងនូវព័ត៌មានដែលលើកឡើងថា មានការបិទច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត របស់ប្រទេសថៃ។

លោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ថ្មីៗនេះមានព័ត៌មានមួយចំនួនបានចុះផ្សាយថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានបិទច្រកទ្វារព្រំដែនថ្មដា ហើយចំពោះព័ត៌មាននេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចោលទាំងស្រុង។

នាយករដ្ឋបាលរូបនេះ បញ្ជាក់ថា អាជ្ញាធរថៃគ្រាន់តែកែប្រែលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ ក៏ព្រោះតែភាគីថៃមានបញ្ហាផ្ទៃក្នុង។

ចំពោះលក្ខខណ្ឌនោះ ត្រូវបានលោកអះអាងថា គឺថ្ងៃច័ន្ទ ថ្ងៃព្រហស្បិ៍ ពលរដ្ឋកម្ពុជាអាចចេញចូលទៅពេទ្យ និងប្រកបរបបអាជីវកម្មបានដូចធម្មតា ដែលភាគីទាំងបើកដំណើរការដូចរាល់ដង (មួយសប្តាហ៍បើក៣ថ្ងៃ គឺថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៍) ប៉ុន្ដែនៅថ្ងៃសៅរ៍ប្រសិនបើពលរដ្ឋចង់ទៅថៃដើម្បីពិនិត្យជំងឺនោះអាចទៅ ប៉ុន្ដែបើចង់យកកសិផលទៅលក់មិនបាននោះទេ។

ជុំវិញការដោះស្រាយដើម្បីឲ្យដំណើរការដូចធម្មតាឡើងវិញនោះ លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ សមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា នឹងធ្វើការពិភាក្សាជាមួយភាគីថៃ ដើម្បីសម្រួលដល់ពលរដ្ឋអាចយកកសិផលទៅនៅថ្ងៃសៅរ៍វិញផងដែរ ដូច្នេះសូមប្រជាពលរដ្ឋទូទៅ និងមជ្ឈដ្ឋាននានា កុំឲ្យមានការយល់ច្រឡំទៀត។