(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិងបន្តចុះពិនិត្យតាមតំបន់ប្រឈមមួយចំនួនដែលបង្ករផលក្នុងភូមិសាស្ត្រសង្កាត់ចំនួនផ្សេងៗក្នុងមូលដ្ឋានខណ្ឌ ។
លោកអភិបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា៖ក្នុងនាមអ្នកបម្រើរាស្ត្រគឺត្រូវតែចុះឱ្យដល់តាមលំនៅឋានរបស់បងប្អូនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទើបអាចទទួលដឹងលឺសព្វសុខទុក្ខលំបាកគ្រប់យ៉ាងរបស់បងប្អូនពលរដ្ឋ ទាំងតម្រូវការខ្វះខាតផ្សេងៗតាមមូលដ្ឋាន ក៏ដូចជា ផលប៉ះពាល់ជាច្រើនទៀត ដល់ការរស់នៅរបស់បងប្អូន ។
ក្នុងឱកាសចុះសួរសុខទុក្ខដដែលនេះ លោកអភិបាលខណ្ឌក៏បាននាំយកនំចំណីចែកជូនក្មេងៗហូប និងនាំជាងកាត់សក់ដោយឥតគិតថ្លៃកាត់សក់ជូនក្មេងៗនិងពលរដ្ឋ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ផងដែរ ។បន្ទាប់មកលោកអភិបាលក៏បានចុះពិនិត្យមើលទីតាំងតំបន់ភូមិសាស្ត្រមួយចំនួនដែលមានផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ពិសេសតំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកំពុងរងផលប៉ះពាល់ដោយសារបញ្ហាទឹកជន់លិច ដើម្បីរកច្រកកាយបង្ហូរទឹកទម្លាក់ចុះតាមប្រឡាយព្រែកប្រា ធ្លាក់ទៅទន្លរបាសាក់។
ក្នុងព្រឹកថ្ងៃដដែលនោះលោកអភិបាលខណ្ឌក៏បានចុះទៅ សួរសុខទុក្ខប្រជាពលរដ្ឋរស់នៅសហគមន៍ឆ្មាអើត និងពិនិត្យមើលការដាកើបង្គោលភ្លើងអគ្គិសនីផងដែរ។ ជាមួយគ្នានោះប្រជាជននៅសង្កាត់ព្រែកប្រាសំណូមពរដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅសូមចុះមកជួយប្រជាជនដែលកំពុងរងគ្រោះដោយទឹកលិចលង់ភូមិផង ព្រោះបើសង្ឃឹមលើចៅសង្កាត់មកពីបក្សប្រឆាំងវិញគឺប្រជាជននិងវេទនាហើយបើរង់ចាំថវិកា ៥០ម៉ឺនដុល្លារនោះ គឺទាល់តែសេះដុះស្នែង៕