(ព្រៃវែង)៖ អ្នកទោសគ្រឿងញៀនម្នាក់ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១១ឆ្នាំ បានរត់គេចខ្លួនបាត់ហើយ ចេញពីពន្ធនាគារខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ខណ:ដែលអ្នកទោសរូបនេះ និងអ្នកទោសផ្សេងទៀត កំពុងធ្វើពលកម្មនៅខាងក្រៅមន្ទីរឃុំឃាំង។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ចាន់ គឹមសេង បានបញ្ជាក់ថា ពិតជាមានករណីអ្នកទោសម្នាក់ រត់គេចខ្លួនមែន ចេញពីពន្ធនាគារខេត្តព្រៃវែង។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងនគរបាលតាមខេត្តផ្សេងទៀត តាមស្រាវជ្រាវចាប់ខ្លួនត្រឡប់មកវិញ។
បើតាមលោកស្នងការ អ្នកទោសម្នាក់នេះឈ្មោះ មាស សំណាង ហៅចាន់ណា អាយុ៤៧ឆ្នាំ រស់នៅមុនពេលចាប់ខ្លួន ស្ថិតនៅភូមិស្វាយត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីជួញដូរគ្រឿងញៀន ហើយត្រូវតុលាការឃុំខ្លួន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនជាប់ចោទរូបនេះ ត្រូវបានផ្ទេរពីពន្ធនាគារ ព្រៃស មកកាន់ពន្ធនាគារខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្រាប់ពន្ធនាគារខេត្តព្រៃវែង ក៏មានរឿងអាស្រូវមួយផងដែរ ដោយថ្នាក់ដឹកនាំបានឃុបឃិតឲ្យអ្នកទោសជាចោរប្លន់ដ៏កក្រើកម្នាក់ អាចប្រើទូរស័ព្ទ កុំព្យូរទ័រ បាន ហើយប្រព្រឹត្តបទល្មើសគំរាមជំរិតទារប្រាក់ពីស្រ្តីម្នាក់ ជាថ្នូរមិនបញ្ចេញរូបអាក្រាតកាយ ដែលជននេះបានបោកជនរងគ្រោះ តាម Facebook ។