(កំពង់ចាម)៖ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែងថា កម្ពុជា បាននឹងបន្ដរីកចម្រើនលើគ្រប់វិស័យ និងសុខសន្ដិភាព ផ្ដល់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកគណៈអចិន្ដ្រៃយ៍ គណបក្សស្រុក ប្រធានគណបក្សឃុំ និងប្រធានសាខាបក្សភូមិ ស្រុកជើងព្រៃ​ ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានបន្ដថា ក្រោមការដឹកនាំប្រទេសដ៏ជោគជ័យ របស់សម្ដេចតេជោនេះ បានបង្ហាញឲ្យប្រទេសទូទាំងពិភពលោក ទទួលស្គាល់ ពីភាពរីកចម្រើន របស់កម្ពុជាយើង នាពេលបច្ចុប្បន្ននេះ ពិសេសប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីទាក់ទាញវិនិយោគិន នៅក្រៅប្រទេស មកកាន់កម្ពុជា ឲ្យកាន់តែច្រើន ក្នុងការទាញយកភាពចំណេញលើវិស័យសេដ្ឋកិច្ច, ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា និងផលចំណេញផ្សេងៗទៀត ។ លើសពីនោះ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កំពុងជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ផលិតផលខ្មែរ លើទីផ្សារអន្ដរជាតិផងដែរ។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានថ្លែងជំរុញដល់សមាជិកបក្សទាំងអស់ រួបរួមគ្នាបន្ដពង្រឹង និងពង្រីកសមត្ថភាពការងារ សាមគ្គីផ្ទៃក្នុង កុំឲ្យជនខិលខូច បង្កបញ្ហា និងឆបោកប្រជាពលរដ្ឋតទៅទៀត ពិសេសជួយដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋ យ៉ាងយកចិត្ដទុកដាក់ ៕