(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលជាសាកលវិទ្យាល័យដ៏ចំនាស់មួយនៅកម្ពុជា និងសាកលវិទ្យាល័យអាដឺឡែត របស់ប្រទេសអូស្រ្តាលី បានរួមគ្នាបង្កើតមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដើម្បីរួមគ្នាកំណែទម្រង់អប់រំនៅកម្ពុជា។ ជាមួយគ្នានោះមជ្ឈមណ្ឌលសិក្សាគោលនយោបាយដែលបង្កើតរួមគ្នា របស់សាកលវិទ្យាល័យកម្ពុជា-អូស្ត្រាលីនេះ បានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការអញ្ជើញពីសំណាក់ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រ យុវជន និងកីឡា រដ្ឋមន្រ្តីក្រសួងវិនិយោគ និងពាណិជ្ជកម្ម អូស្រ្តាលី ឯកអគ្គរាជទូតអូស្ត្រាលី រួមនឹងសាស្រ្តចារ្យជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។
នៅក្នុងឳកាសនោះលោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា យើងមានសកម្មភាពរួមគ្នា រវាងសាកលវិទ្យាល័យទាំង២នេះចំនួន២ឆ្នាំ មកហើយតាំងពី ឆ្នាំ២០១៥មក ហើយយើងក៏បានសិក្សាអំពីគោលនយោបាយជាមួយគ្នាជាច្រើនវិស័យមកហើយដែរ រួមមាន វិស័យអប់រំ, ពាណិជ្ជកម្ម, សេដ្ឋកិច្ច, ជំនួញខ្នាតតូច និងផ្នែកកសិកម្មជាដើម។
លោក ជេត ជាលី បានបន្តថា ក្រោយពីមានការសហការគ្នា ជាបន្តបន្ទាប់ RUPP និងសាកលវិទ្យាល័យ អាដឺឡែត ក៏មានពិភាក្សាគ្នា មួយជំហានទៀតថា សាស្រ្តចារ្យ និងសាស្រ្តចារ្យរួមគ្នា ឲ្យមានមជ្ឈមណ្ឌលជាផ្លូវការ ហើយក្រសួងអប់រំក៏គាំទ្រ ហើយសាកលវិទ្យាល័យរបស់អូស្រ្តាលី ក៏គាំទ្រខ្លាំង។ លោកបន្តថា យើងក៏នៅមាន គម្រោងច្រើនទៀត ដែលសាកលទាំងពីរ នឹងមានការសហការគ្នាជាបន្តបន្ទាប់ទៀត។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបន្ថែមថា អគ្គរដ្ឋទូតអូស្រ្តាលី និងរាជរដ្ឋាភិបាលអូស្រ្តាលី យល់ឃើញថា មជ្ឈមណ្ឌលនេះ មិនត្រឹមជាមជ្ឈមណ្ឌលគោលនយោបាយទេ តែជាកន្លែងសម្រាប់សាស្រ្តចារ្យ និស្សិត អនុបណ្ឌិត ធ្វើការស្រាវជ្រាវ ត្រៀមសម្រាប់ទៅអូស្រ្តាលី ឬមិនសម្រាប់តែសិក្សាទៅអូស្រ្តាលីនោះទេ សាស្រ្តចារ្យ និងនិស្សិត នៅកម្ពុជា ក៏អាចសិក្សា និងស្រាវជ្រាវបាន។ នេះជាមជ្ឈមណ្ឌលទី១ រវាងរដ្ឋាភិបាលកម្ពុជា និងអូស្រ្តាលី ដែលបានបើកឡើងពីគោលនយោបាយ សិក្សាពីគោលនយោបាយលើវិស័យនីមួយៗរបស់កម្ពុជា និងអូស្ត្រាលី ឲ្យស៊ីជំរៅ។
ជាមួយគ្នានោះ លោក Christopher Findlay សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាដឺឡែត បាន សម្តែងការសាទរ ក្នុងការសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើកមជ្ឈមណ្ឌលជាផ្លូវការ នេះជាការវិវត្តមួយដ៏សំខាន់បំផុតរបស់សាកលវិទ្យាល័យ ក្នុងការទំនាក់ទំនងល្អ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការសិក្សាស្រាវជ្រាវនៅកម្ពុជា។
លោក Christopher Findlay បន្តថា ចាប់ពេលនេះតទៅ យើងអាចចាប់ផ្តើមការសិក្សាស្រាវជ្រាវ ជាមួយគ្នា ដើម្បីឲ្យទទួលបានលទ្ធផលល្អ នៅពេលក្រោយ។ លោកបន្ថែមថា ការសិក្សាស្រវជ្រាវពីផ្នែកកសិកម្ម និងផ្នែក ផ្សេងៗទៀត ដែលទាក់ទងនឹងកម្ពុជា អ្វីដែលសំខាន់គឺយើងចាប់ផ្តើមការសិក្សាស្រាវជ្រាវផ្នែកអប់រំ ជាមួយ សាកលវីទ្យាល័យ RUPP។ ការធ្វើបែបនេះ យើងចង់ឲ្យមានការតាំងចិត្តធ្វើដោយពិតប្រាកដ និងបញ្ជាក់ពី ការយកចិត្តទុកដាក់ខ្ពស់ ផ្នែកមួយសំខាន់ គឺខាងវិស័យអប់រំ ពួកយើង នឹងយកសិស្សកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាដឺឡែតរូបនេះ បានបន្តថា កន្លងមក យើងបានសហការបង្កើត មជ្ឈមណ្ឌលបែបនេះ ជាមួយប្រទេសឥណ្ឌូនេស៊ី និង នៅសាំហ្គាពួរ ហើយលោកថា នាពេលអនាគត យើងនឹងពង្រីកបន្តទៅកាន់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត ដូចនឹងប្រទេសកម្ពុជាផងដែរ៕