(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទទួលជួបសម្តែងការគួរសម ជាមួយលោក Yin Chaomin ប្រតិភូអនុរដ្ឋមន្ត្រី ប្រធានគ្រប់គ្រងរដ្ឋបាលរញ្ជួយដីប្រទេសចិន ដើម្បីពិភាក្សាពីបញ្ហាគ្រោះធម្មជាតិកើត មានឡើងក្នុងប្រទេស ដែលនេះបង្ហាញពីកិច្ចការងារ សហប្រតិបត្តិការយ៉ាងល្អមួយរវាងប្រទេសទាំងពីរនេះ ។
ក្នុងជំនួបពិភាក្សានេះធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានលើកឡើងថា «ក្នុងកិច្ចជំនួបនេះគឺបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីបញ្ហាការគ្រោះថ្នាក់ ដោយសារធម្មជាតិ និងបញ្ហា នៃការបង្កើតច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ»។
លោកបន្តថា «ក្នុងកិច្ចជំនួបនោះ លោក Yin Chaomin បានលើកឡើងថា គ្រោះប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តជិតស្និតនឹងគ្នាដូច្នេះភាគីចិន ត្រៀមខ្លួនជានិច្ចក្នុង ការជួយដល់កម្ពុជា ក្នុងពេលមានបញ្ហាអ្វីកើតឡើងនោះ ហើយមិនតែប៉ុណ្ណោះភាគីចិនក៏នឹងផ្តល់បទពិសោធន៍មួយចំនួន ដល់មន្រ្តីគ្រប់គ្រងគ្រោះហន្តរាយទាក់ទង នឹងបញ្ហាគ្រោះធម្មជាតិ និងគ្រោះរញ្ជូយដីផងដែរ»។
ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា «លោក Yin Chaomin ក៏បានសន្យា នឹងអញ្ជើញមន្រ្តីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅប្រទេសចិន ក្នុងមួយឆ្នាំពី១០នាក់ទៅ២០នាក់ផងដែរ ដើម្បីទៅទស្សនកិច្ចប្រទេសចិន និងទទួលបទពិសោធន៍ពីភាគីចិន ស្តីអំពីបញ្ហាគ្រោះហន្តរាយនេះផងដែរ»។
នៅក្នុងកិច្ចជំនួបនោះដែរ លោក Yin Chaomin ក៏បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនង រវាងរដ្ឋបាលរញ្ជួយដីប្រទេសចិន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ ឲ្យបានជិតស្និត នឹងគ្នាកាន់តែខ្លាំងក្លាបន្ថែមជាងនេះទៀត៕