(បាត់ដំបង)៖ បន្ទាប់ពីមានព័ត៌មាន ដែលបានចុះផ្សាយកន្លងទៅថា អង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៥០២ ក្នុងស្រុកសំឡូត បានឃុបឃិតគ្នាវាស់វែងយកដីព្រៃ ជាច្រើនរយហិកតានោះ, មន្ដ្រីយោធាជាន់ខ្ពស់ នៃយោធភូមិភាគទី៥ បានចេញមកច្រានចោលព័ត៌មាននោះទាំងស្រុង ជុំវិញបញ្ហានេះ។
លោកឧត្តមសេនីយ៍ត្រី ស្វាយ អឿន នាយរងសេនាធិការយោធភូមិភាគទី៥ បានបញ្ជាក់ថា បន្ទាប់ពីកាសែតក្នុងស្រុកមួយ បានចុះផ្សាយនាដើមខែសីហាកន្លងទៅនេះថា រឿងអាស្រូវរបស់ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៥០២ ស្ថិតនៅក្នុងស្រុកសំឡូត បានឃុបឃិតគ្នាវាស់វែងយកដីព្រៃខ្ទង់រយហិកតា ជាប់ព្រំដែនថៃ ដែលជាដីរដ្ឋត្រៀមទុកចែកជូន គ្រួសារអតីតយុទ្ធជននោះ យកមកចែកគ្នា មានការលាក់រឿងអនុញាតិឲ្យក្រុមលួចធ្វើរ៉ែផ្សេងៗ ធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយស អង្គភាពកងទ័ពជាតិ ហើយលោកក៏បានទទួលបញ្ជា ពីមេបញ្ជាការយោធភូមិភាគទី៥ ដឹកនាំក្រុមការងារចុះធ្វើការស្រាវជ្រាវរកព័ត៌មានពិត ដោយបានចុះសាកសួរ តាមចំណុចនានា ដែលកាសែតបានចុះផ្សាយនោះ ហើយក៏បានសាកសួរអាជ្ញាធរស្រុកសំឡូត និងជំនាញពាក់ព័ន្ធទាំងអស់ សុទ្ធតែធ្វើការបដិសេធទាំងស្រុង គឺពុំមានរឿងនេះកើតឡើង ដូចការចុះផ្សាយចោទប្រកាន់របស់កាសែតក្នុងស្រុកនោះឡើយ។
ប៉ុន្ដែទោះជាយ៉ាងណា ពាក់ព័ន្ធការចុះផ្សាយនេះ ត្រូវបានគេសង្ស័យថា លោកវរសេនីយ៍ទោ គង់ ស៊ន មុខងារជានាយរងការិយាល័យយោធា តំបន់យោធភូមិភាគទី៥ អ្នកទម្លាយព័ត៌មានមិនឲ្យក្រុមអ្នកសារព័ត៌មាន ហើយសាមីខ្លួនក៏បានចេញមកបកស្រាយផងដែរថា ខ្លួនបានធ្វើរឿងបែបនេះឡើយ ហើយក៏ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ប្រសិនបើថ្នាក់លើរកឃើញថា រូបគេជាអ្នកប្រាប់អ្នកកាសែតនោះ។
លោកវរសេនីយ៍ទោ គង់ ស៊ន ចេញមុខបកស្រាយចំពោះមុខក្នុងសន្និសិតអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅការិយាល័យជំនាញយោធភូមិភាគទី៥ថា លោកធ្វើការបដិសេធ និងមិនទទួលស្គាល់កាសែតក្នុងស្រុកមួយ បានចុះផ្សាយព័ត៌មានមិនពិត ដែលពាក់ព័ន្ធទៅនឹងរឿងមិនប្រក្រតី របស់យោធាអង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៥០២ ក្នុងស្រុកសំឡូត នាពេលកន្លងថ្មីៗនេះ។
លោកបានអះអាងថា មូលហេតុដែលអង្គភាព បានដាក់ការសង្ស័យទៅលើរូបលោកដូចខាងលើនេះ ដោយសារតែលោកអតីតជានាយកងល្បាតជួរមុខ ក្រោយមកឡើងជា មេបញ្ជាការរងវរសេនាតូច៥០២ ហើយបានប្តូរមុខងារបច្ចុប្បន្នមកជា នាយរងការិយាល័យយោធាតំបន់យោធភូមិភាគទី៥ ហើយរាល់ព័ត៌មានទាំងអស់សុទ្ធ តែជារឿងមិនពិត បើថ្ងៃណាមួយអង្គភាពបានរកឃើញ ដូចការចោទប្រកាន់កាសែតចុះនោះមែន លោកហ៊ានទទួលខុសត្រូវចំពោះមុខអង្គភាព និងច្បាប់៕