(កំពង់ស្ពឺ)៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគប់គ្រាប់បែក ចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០២៖៣០នាទីឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះ​ឈ្មោះ មាស ឆិល ភេទប្រុស អាយុ៦៣ឆ្នាំ​ ហើយជនសង្ស័យបានគប់ទៅធ្លាក់ត្រង់ ​សំយាបផ្ទះពីខាងមុខ បណ្តាលឲ្យខូចខាចម៉ូតូ១គ្រឿង ធ្លុះធ្លាយដំបូលសង្គ័សី​២សន្លឹក ខូចខាចក្រណាត់វាំងនងមួយផ្ទាំង តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ។

បើតាមការរៀបរាប់ពី ឈ្មោះ ឆិន ពិសិដ្ឋ អាយុ២៥ឆ្នាំ ដែលត្រូវជាកូនម្ចាស់ផ្ទះ បានឲ្យដឹងថា ​ខ្លួនបានត្រឡប់មកពីធ្វើការ​ក្រុមហ៊ុនបង្គោលភ្លើង ចំណុចព្រៃខ្មែរ ឃុំគីរីវន្ត ស្រុកភ្នំស្រួច​ ពេលមកដល់ផ្ទះទុកម៉ូតូខាងមុខផ្ទះក៏ហូបបាយ រួចវេលាម៉ោង០២៖៣០នាទីយប់ ហើយរៀបចំដេក ក៏ស្រាប់តែមានការបំផ្ទះគ្រាប់តែម្តង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ អះអាងថា ជុំវិញករណីនេះបំផ្ទុះគ្រាប់បែកនេះ អាចកើតចេញពីរឿងគំនុំ ហើយគ្រាប់បែកនោះជាប្រភេទ គ្រាប់បែកខ្យល់ ដែលប្រើសម្រាប់បំផ្ទុះថ្មភ្នំ ប៉ុន្ដែទោះជា​យ៉ាងណា កម្លាំងនគរបាលជំនាញរបស់លោកកំពុង ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់៕