(ភ្នំពេញ)៖ សាលាអន្ដរជាតិ Springfield នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំពិធីអបអរសាទរការបញ្ចប់ឆ្នាំសិក្សាចាស់ ២០១៦-២០១៧ និងចែកវិញ្ញាប័ណ្ណបត្រ បណ្ឌសរសើរដល់សិស្សានុសិស្ស ដែលបញ្ចប់ការសិក្សាជាមួយនឹងលទ្ធផលល្អគាប់ប្រសើរ ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនផងដែរ។
ដើម្បីឲ្យកម្មវិធីបញ្ចប់កម្មវិធីសិក្សា ប្រកបដោយភាពសប្បាយរីករាយនោះ ថ្នាក់ដឹកនាំសាលាអន្ដរជាតិ Springfield បានរៀបចំឲ្យមានការសម្ដែងនូវរបាំ និងសិល្បៈផ្សេងៗ ដែលបង្ហាញដោយសិស្សានុសិស្សផ្ទាល់ផងដែរ។
ថ្នាក់ដឹកនាំសាលាអន្ដរជាតិ Springfield បានអះអាងថា សាលាបាននាំយកកម្មវិធីសិក្សា IPC ពីចក្រអង់គ្លេសមកបង្រៀនផងដែរ ក្នុងគោលបំណងបណ្ដុះបណ្ដាលកូនខ្មែរ ឲ្យមានឱកាស មានជំនាញ មានសមត្ថភាព កិត្តិយស និងគុណតម្លៃ ដូចជាតិសាសនដទៃ មិនថាតែវិស័យការងារ និងការរស់នៅក្នុងសង្គម។
មូលហេតុដែលសាលាអន្ដរជាតិ Springfield យកកម្មវិធីសិក្សា IPC មកបង្រៀនព្រោះថា វាមានលក្ខណៈពិសេសដូចជា បង្រៀនឲ្យមានគំនិតទូលំទូលាយ, បង្រៀនឲ្យមានការអភិវឌ្ឍផ្ទាល់ខ្លួន, បង្រៀនឲ្យមានការយល់ដឹងខ្ពស់ពីសង្គមខាងក្រៅ, បង្រៀនឲ្យមានការអភិវឌ្ឍជំនាញពិតប្រាកដ, បង្រៀនឲ្យមានគំនិតច្នៃប្រឌិត និងគួរឲ្យចាប់អារម្មណ៍, បង្រៀនដោយផ្អែកលើការស្រាវជ្រាវ និងពិសោធន៍, មានការវាយតម្លៃការសិក្សាយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ និងប្រធានបទសកល ព្រមទាំងបេតិកភណ្ឌក្នុងតំបន់។
ថ្នាក់ដឹកនាំសាលាបញ្ជាក់ថា មិនត្រឹមតែមានកម្មវិធីសិក្សាល្អប៉ុណ្ណោះទេ សាលាថែមទាំងមានគ្រូដែលពោរពេញដោយគុណភាព សមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់បំផុតក្នុងកិច្ចការបង្រៀន ហើយសាលាក៏មានកម្មវិធីសិក្សាខ្មែរ ស្របតាមក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕