(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌ និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានចេញបទបញ្ជាភ្លាមៗ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធនាំយកនូវថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយរបស់ គណបក្សប្រជាជនកម្ពុជា ដើម្បីទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ រួមជាមួយកម្មករ កម្មការិនី កំពុងជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការផ្ដល់នូវវប្បធម៌ចែករម្លែក ជួយសម្រាលដោះស្រាយ បញ្ហាតាមគ្រួសារនីមួយៗបានមួយចំនួន។

លោក ជា ពិសី បានចេញបញ្ជាភ្លាមៗបែបនេះ បន្ទាប់ពីមានករណីអគ្គិភ័យមួយបានកើតឡើង បណ្ដាលឲ្យឆេះបំផ្លាញផ្ទះ​ប្រជាពលរដ្ឋ១ខ្នងទាំងស្រុង ដែលធ្វើពីឈើលើ ថ្មក្រោម បូករួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះ រហូតរាលឆ្លងទៅឆេះ៣ខ្នងផ្សេងទៀត រងការខូចខាត ដោយគិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ កាលព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចខាងកើតវត្តទួលសង្កែ ជាប់ផ្លូវរថភ្លើង ក្នុងក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយទទួលបានបទបញ្ជាភ្លាមៗពី លោក ជា ពិសី, លោកស្រី លីរ៉ូហ្សាម៊ី សមាជិកអចិន្ត្រៃយ៍ គណបក្សខណ្ឌ លោកស្រី អាន ផល្លា ប្រធានគណៈចលនានារីខណ្ឌ បានដឹកនាំសមាជិក សមាជិកា មកពីគណបក្សប្រជាជនកម្ពុជា ខណ្ឌ-សង្កាត់ ជាច្រើនាក់ ដើម្បីចុះទៅសំណេះសំណាល សួរសុខទុក្ខ និងពាំនាំយកនូវថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយរបស់ គណបក្សប្រជាជនកម្ពុជា ដើម្បីទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្ទះ រួមជាមួយកម្មករ កម្មការិនី កំពុងជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងប្រមាណ២៣គ្រួសារ។

ក្នុងសកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវខាងលើនេះដែរ លោកស្រី លី រ៉ូហ្សាម៊ី សមាជិកអចិន្ត្រៃយ៍ គណបក្សខណ្ឌ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែខ្វល់ខ្វាយ គិតគូរ ពីសុខទុក្ខ រាល់ការខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូប ពិសេស សម្ដេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ក្នុងការទាក់ទាញយកវិនិយោគទុន ពីក្រៅប្រទេស ចូលមកក្នុងប្រទេស បង្កើតបានជារោងចក្រ សហគ្រាសតូច-ធំ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ខែល្អប្រសើរ ហើយក៍មានការតម្លើងប្រាក់ខែជាបន្តបន្ទាប់ ដោយខុសគ្នាពីគណបក្សសង្គ្រោះជាតិ ដែលចេះតែញ៉ុះញង់ បោកប្រាស់ និងបានព្យាយាមប្រាប់ប្រទេសអាមេរិក
ឲ្យផ្ដាច់ជុំនួយពីកម្ពុជាទៅវិញ ដូច្នេះដាច់ខាត សូមប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការ បោកប្រាស់ ញ៉ុះញង់ ពីគណបក្សសង្គ្រោះជាតិ តទៅទៀត។

លើសពីនេះទៀត លោកស្រី អាន ផល្លា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ រាល់ទុក្ខលំបាកចំពោះប្រជាពលរដ្ឋ​ងាយរងគ្រោះ ដោយមិន​ប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋរស់ នៅលើទឹកដីកម្ពុជា ដោយក្នុងនោះបានផ្ដល់ជាអង្ករ ២០គីឡូក្រាម ម៊ី១កេស ថវិកា៥ម៉ឺនរៀលស្មើៗគ្នា និងឃីតចំនួន១ មានជា (ម៊ុង ភួយ កន្ទេល) បន្ថែមពីនេះ ដើម្បីលើកស្ទួយវិស្ស័យ
ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រះសង្សគង់ចាំព្រះវស្សានៅវត្តញាណរង្សី តំណាងព្រះតេជគុណ ព្រះនាម ខឹម សម្បត្តិ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការវត្តញាណរង្សី បានចូលរួមឧបត្ថម្ភ​ជាបច្ច័យក្នុង១គ្រួសារ​ចំនួន៣ម៉ឺនរៀលផងដែរ ដើម្បីជួយសម្រាលដោះស្រាយបញ្ហាខ្វះខាត តាមគ្រួសារនីមួយៗចំនួន២៣គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕