(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនក្រៅប្រទេស បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះយុវជនលើគ្រប់វិស័យ តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាល សមត្ថិភាព និងបង្កើតឱកាសការងារលើវិស័យផ្សេង រួមមានវិស័យអប់រំ ឧស្សាហកម្មកាត់ដេរ វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត សំដៅបង្កើនជីវភាព និងការអភិវឌ្ឍសង្គម។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាលក្ខណៈមហាគ្រួសារខ្មែរជាមួយនិស្សិត ដែលត្រូវទៅបន្តការសិក្សានៅទ្វីបអឺរ៉ុប និងប្រទេសចិន នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន ប៉ោគី។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជននិងកីឡា បាននឹងកំពុង បង្កើនគុណភាពអប់រំ ដើម្បីផ្តល់ឱកាសឱ្យយុវជនបង្កើន សមត្ថភាពរបស់ខ្លួនធ្វើការនៅតាមមន្ទីរ ស្ថាប័ននិងដឹកនាំជីវិតឱ្យទទួលបានជោគជ័យ។
លោកបានបញ្ជាក់ទៀតថា ការសិក្សារបស់យុវជននៅក្រៅប្រទេស តែងតែជួបការលំបាក ប៉ុន្តែឱ្យការសិក្សារបស់ខ្លួនទទួលបានជោគជ័យ និស្សិតទាំងអស់ត្រូវគិតដល់កត្តា៣សំខាន់ៗ៖
* ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែនៅក្នុងសាលា គឺត្រូវសិក្សាស្រាវជ្រាវបន្ថែម លើជំនាញបច្ចេកទេសដែលខ្លួនរៀន។
* ត្រូវរៀននៅក្រៅសាលា គឺរៀនពីរបៀបរបបរស់នៅ និងរបៀបរបបធ្វើការ ដើម្បីទទួលបានបទពិសោធន៍ ជាក់ស្តែងសម្រាប់ជីវិត។
* និស្សិតត្រូវបង្កើតបណ្តាញទំនាក់ទំនង ជាមួយនិស្សិតខ្មែរគ្នាឯង និងជាមួយនិស្សិតបរទេស ដើម្បីបង្កើតឱកាសការងារ និងបានបង្ហាញវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ នៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា និស្សិតជំនាន់មុនបានចូលរួម អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ហើយនិស្សិតសព្វថ្ងៃ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីចូលរួមអភិវឧ្ឍប្រទេសជាតិ ឱ្យរីកចម្រើនទៅមុខទៀត។ ដូច្នេះនិស្សិតត្រូវច្បាមយកឱកាសទាំងនេះ ដើម្បីអភិវឧ្ឍខ្លួនឯង គ្រួសារនិងសង្គមជាតិ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានធ្វើការលើកទឹកចិត្ត និងមានមតិផ្តាំផ្ញើរមួយចំនួនជូនបងប្អូន និស្សិតដូចតទៅ៖
* និស្សិតគប្បិធ្វើជាអ្នកពាំនាំនូវព័ត៌មានពិត ការពិតនៅកម្ពុជា ពីវឌ្ឍនៈភាពពិតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយទៅខាងក្រៅ ព្រោះប្អូនៗគឺជាកម្លាំងបន្តវេនដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិយើងនេពេលអនាគត ពោលគឺនិស្សិតប្រៀបដូចអ្នកការទូតម្នាក់។
* និស្សិតដែលត្រូវចេញ ទៅបន្តការសិក្សានៅឯបរទេស ត្រូវប្រកាន់ភ្ជាប់ខ្លួនជាពលរដ្ឋល្អ។
* ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងដែលខ្លួនមានមកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ។
* យកអាសារគ្នា និងរក្សាទំនាក់ទំនងល្អរវាងគ្នានិងគ្នា
* បើមានបញ្ហាប្រការណាមួយ ត្រូវធ្វើការទំនាក់ទំនងជាមួយ Ambassador(ស្ថានទូត) របស់ប្រទេសយើង ប្រចាំនៅទីនោះ។
លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន នៅទ្វីបអឺរ៉ុប បានឱ្យដឹងថាអតីតនិស្សិត និងនិស្សិតដែលបាន និងត្រូវបន្តការសិក្សានៅទ្វីបអឺរ៉ុបចំនួន៤៧នាក់ ប្រទេសអង់គ្លេស ៦៥នាក់ និងប្រទេសចិនចំនួន១៤៣នាក់ (សរុបនិស្សិតទាំងអឺរ៉ុបនិងចិន ២៥៥នាក់) ដោយមានការចូលរួមពីសមាជិកក្រុមការងារទ្វីបអឺរ៉ុប និងភ្ញៀវកិត្តិយសប្រមាណ១៧០នាក់សរុបអ្នកចូលរួមក្នុងកម្មវិធី៤២៥នាក់។
លោកបានបញ្ជាក់ថា កម្មវិធីនេះធ្លាប់បានរៀបចំឡើងចំនួន៥លើករួចមកហើយ ដែល២លើកបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងប្រទេសចិន និង៣លើកនៅប្រទេសកម្ពុជា។ ហើយកាលពីឆ្នាំ២០១៦ មាននិស្សិតអឺរ៉ុប និងចិនចូលរួមប្រមាន១៥៧នាក់ និងសមាជិកក្រុមការងារទ្វីបអឺរ៉ុប និងភ្ញៀវកិត្តិយសប្រមាណ២២៦នាក់ និងចំនួនសរុបទាំង៣៨៣នាក់។