(ភ្នំពេញ)៖ លោក ប៊ុន សុផាត នាយកសាលាបញ្ញាសាស្រ្ដអន្ដរជាតិ បានគាំទ្រពេញទំហឹង ចំពោះចំណាត់ការដ៏តឹងរឹងរបស់ក្រសួង​អប់រំនាពេល​ប្រឡងមធ្យមសិក្សាតិយភូមិនាពេលថ្មីៗកន្លងទៅនេះ​ ព្រោះថាចំណាត់ការនេះ​ បានជំរុញឲ្យសិស្សានុសិស្សខិតខំ
ប្រឹងប្រែង​ក្នុងការសិក្សា។

ការថ្លែងបែបនេះរបស់លោក ប៊ុន សុផាត ធ្វើឡើងនាឱកាស ដែលលោកអញ្ជើញចុះចែកសញ្ញាបត្រ ដល់កូនសិស្សមតេយ្យសិក្សាកម្រិតខ្ពស់ និងបឋមសិក្សា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នាសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខា ខណ្ឌសែនសុខ។

លោកបានថ្លែងឲ្យដឹងថា «យើងមានការសប្បាយចិត្ត ចំពោះការរឹតបន្ដឹងរបស់ក្រសួងអប់រំ ដោយសារតែសាលាបញ្ញាសាស្រ្ដមាន ​បាវវចនៈចំនួនបីរួមមាន វិន័យ, គុណធម៌ និងជោគជ័យ។  សម្រាប់សាលាបញ្ញាសាស្រ្ដ វិន័យ គឺលេខ១ ដែលត្រូវអនុវត្តន៍ យើងបាន​អនុវត្តន៍វិន័យនេះ តាំងពីមុនក្រសួងចេញកំណែរទម្រង់មកម្ល៉េះ ហើយនៅពេលដែលក្រសួងចេញកំណែរទម្រង់ គឺជាការចូលរួមចំណែកមួយដល់សាលាបញ្ញាសាស្រ្ដអន្ដរជាតិ ក្នុងការពង្រឹងវិន័យតទៅទៀត»

លោកបានបន្ថែមទៀតថា កំណែរទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា គឺល្អព្រោះកំណែទម្រង់នេះធ្វើឲ្យសិស្សខំប្រឹង មិនផ្ដេច​ផ្ដួល មិនពឹងផ្អែកលើកការថតចម្លងពីអ្នកដទៃ ខិតខំប្រឹងរៀន ត្រៀមខ្លួនជាស្រេចដើម្បីប្រឡងបាក់ឌុប។

លោកថា «ឆ្លងកាត់​អស់រយៈពេល១៣ឆ្នាំ ដែលយើងបានបើកសាលាចំណេះទូទៅនេះ គឺយើងបណ្ដុះបណ្ដាលក្មេងឲ្យមានតុល្យភាពរវាងភាសាខ្មែរ និងភាសារបរទេស  ដូច្នេះក្នុងការប្រើប្រាស់ភាសារអគ្លេស កូនសិស្សដែលចូលរៀននៅទីនេះ ពីថ្នាក់ទី៧ឡើងទៅ រហូតដល់បញ្ចប់​ថ្នាក់ទី១២គឺគាត់មានសមត្ថភាពប្រើប្រាស់ភាសារអគ្លេស បន្ដការសិក្សានៅក្នុងសាកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅប្រទេស»