(ស្ទឹងត្រែង)៖ ដំណឹងល្អសម្រាប់ពលរដ្ឋ ដែលមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបំពាក់នូវម៉ាស៊ីនស៊ីធីស្កែនរាងកាយ ដែលមានតម្លៃជាង២៦ម៉ឺនដុល្លារ ដើម្បីបម្រើឲ្យវិស័យសុខាភិបាល ខណៈដែលប្រធានមន្ទីរពេទ្យ លោក ស៊ុយ សុភាព អំពាវនាវឲ្យពលរដ្ឋនៅភាគឦសាន ដែលមានបញ្ហារាងកាយសូមមកពិនិត្យ។
ការបំពាក់ម៉ាស៊ីននេះត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយមន្ទីរពេទ្យ សហការជាមួយ ក្រុមហ៊ុន KVSP INVESMENT.Coltd។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង លោក ស៊ុយ សុភាព បានឲ្យដឹងថា ម៉ាស៊ីនសម្រាប់ស្កែនពិនិត្យលើរាង្គកាយ ដែលបានដាក់ឲ្យដំណើរការប្រើប្រាស់នៅពេលនេះ គឺជាម៉ាស៊ីនប្រភេទ Revolution ACTs ជាបច្ចេកវិទ្យាទំនើប ដែលអាចធ្វើការពិនិត្យ ទៅលើរាង្គកាយទូទៅដូចជា ក្បាល ទ្រូង ពោះ ឆ្អឹងខ្នង ឆ្អឹងត្រគាក សន្លាក់ និងសារីរាង្គ ផ្សេងៗជាច្រើនទៀត។
លោកបន្តថា ខេត្តស្ទឹងត្រែងជាខេត្តស្ថិតនៅភូមិភាគឦសាន្ត បច្ចេកទេសក្នុងការស្កែនទៅលើសេរីរាង្គកាយ នៅមានការខ្វះខាតនៅឡើយ ចំពោះប្រជាពលរដ្ឋ ដែលមានបញ្ហាលើផ្នែកសេរីរាង្គកាយ ចង់ធ្វើការព្យាបាលគឺត្រូវធ្វើដំណើរទៅព្យាបាលនៅរាជធានីភ្នំពេញ ឬបណ្តាប្រទេសជិតខាងផ្សេងៗ ដូច្នេះការដាក់ឲ្យដំណើរការប្រើប្រាស់ នូវម៉ាស៊ីនស៊ីធីស្កែន CT SCANER គឺពិតជានឹងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងផ្តល់ចំណេះដឹងមន្ថែមទៀត ដល់បុគ្គលិកសុខាភិបាល ដែលបម្រើការក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនេះ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌឹត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា ម៉ាស៊ីនស៊ីធីស្កែននេះ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាពលរដ្ឋ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៅតំបន់ដាច់ស្រយោល ព្រោះម៉ាស៊ីនស៊ីធីស្កេននេះ ជួយក្រុមគ្រូពេទ្យធ្វើការរោគវិនិច្ឆ័យបានច្បាស់លាស់ និងអាចឲ្យក្រុមគ្រូពេទ្យព្យាយបាលជំងឺ បានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
បន្ថែមពីនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង និងក្រុមហ៊ុនដៃគូរវិនិយោគ ដែលបានចាប់ដៃគ្នារៀបចំឲ្យមានម៉ាស៊ីនស៊ីធីស្កេន ប្រើប្រាស់នៅពេលនេះ ដែលពីមុនមកខេត្តស្ទឹងត្រែង មិនដែលមានឡើយនូវបច្ចេកវិទ្យាស្កែនសារីរាង្គកាយទំនើប សម្រាប់បម្រើក្នុងវិស័យសុខាភិបាល៕