(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ដល់គ្រួសារសពដោយសារផ្ទុះមីន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅ និងជនពិការដែលរងគ្រោះដោយសារមីនចំនួន៧នាក់(ប្រជាពលរដ្ឋ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ៥នាក់) នៅភូមិដងទង់ ឃុំកូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក ឡុត តារ៉ា ក្រុមប្រឹក្សាឃុំគ្រាល បានឡើងរាយការណ៍ពីទីតាំងភូមិសាស្ត្រ ប្រវត្តិគ្រោះថ្នាក់មីន និងការជួបប្រទះឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមនាពេលកន្លងមករបស់ប្រជាពលរដ្ឋ ដោយបានបង្កគ្រោះថ្នាក់ និងភ័យខ្លាចដល់ប្រជាពលរដ្ឋ នាពេលកន្លងមកនិងជាចុងក្រោយ លោកប្រធានភូមិ ក៏បានស្នើសុំដល់ថ្នាក់ដឹកនាំអាជ្ញាធរមីនដើម្បីបោសសំអាតមីន។
បន្ទាប់ពីបានស្តាប់សំណូមពរ និងកង្វល់ របស់លោកអនុប្រធានភូមិ ដែលបានលើកឡើងដោយតំណាងឃុំ ភូមិនិងប្រជាពលរដ្ឋដែលតែងតែ បានឃើញ និងជួបប្រទះនូវគ្រាប់មីនជាញឹកញាប់នាពេលកន្លងមករួចមក លោកទេសរដ្ឋមន្ត្រី បានពាំនាំសាកសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានរំលឹកឡើងវិញពីសាវតាសង្គ្រាម ដែលបង្កឡើងដោយខ្មែរនិងខ្មែរ ដោយសារមានការញុះញុង និងលូកដៃពីបរទេស ហើយបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនលានគ្រាប់ និងបានបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ របួស
និងពិការជាង៦ម៉ឺននាក់ រហូតដល់សព្វថ្ងៃ។
លោកទេសរដ្ឋមន្រ្តី បានណែនាំដល់ម៉ាពូខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ស្រុក និងកងកម្លាំងប្រដាប់អាវុធ លើកផែនការដោះមីន និងខិតខំបន្ត ការងារអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីននិងគ្រាប់ ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ដោយមិនត្រូវលេងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅពេលបងប្អូនឃើញគ្រាប់មីន សូមយកឈើដោតចំណាំ និងរាយការណ៍មកអជ្ញាធរមូលដ្ឋាន និងមិនត្រូវកាប់ឆ្ការព្រៃឬរុករានព្រៃ ជាពិសេស មិនត្រូវដើរឡើងលើភ្នំដោយប្រថុយប្រថាន ប្រកបរបរដើរចូលព្រៃប្រកបរបរផ្សេងៗជាដាច់ខាត។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បាននាំមកនូវគ្រឿងឧបភោគបរិភោគអង្គរ៥០គីឡូក្រាម មីម៉ាម៉ា ត្រីខកំប៉ុង ទឹកក្រូចកំប៉ុង ទឹកផ្លែឈើកំប៉ុង ទឹកស៊ីអីវ ទឹកត្រី និងថវិកាម្នាក់ៗចំនួន២០០,០០០រៀល (ម្ភៃម៉ឺនរៀល) សម្រាប់ចែកជូនដល់គ្រួសារនៃសពម្នាក់ គឺលោក សេង ស្រឿន អាយុ ៥៤ឆ្នាំ (លោកបានបន្ថែមថវិកាចំនួន១០០០០០រៀល (ដប់ម៉ឺន) ជូនដល់គ្រួសារ(សព) និងចែកជូនដល់ជនពិការដោយសារមីន៧នាក់ ប្រជាពលរដ្ឋក្រីក្រចំនួន៧៥នាក់ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសរុបទាំងអស់ក្នុងម្នាក់ៗ ទទួលបានចំនួន២០,០០០រៀល៕