កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបរថយន្តធុនធំ៤គ្រឿង ដឹកឈើក្រហមចេញពី ក្រុមហ៊ុន «ស៊ីវ ហ្វេក» ស្រុកសេសាន្ត, ព្រឹកនេះព្រះរាជអាជ្ញាចុះពិនិត្យ
26-08-2017 12:39
(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ចុះឃាត់រថយន្តធុនធំ៤គ្រឿង ដឹកឈើក្រហមប្រភេទ ផ្ចឹក សុក្រំ ថ្លុង និងត្បែង ត្រង់ចំណុចផ្លូវចាស់ស្ថិត ក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
អ្នកបើករថយន្ដដឹកឈើនេះ បានឲ្យដឹងថា រថយន្ដនេះពួកគាត់បើកចេញពី ក្រុមហ៊ុន «ស៊ីវ ហ្វេក» ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ដែលបម្រុងដឹកទៅខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
ទាក់ទិននឹងការឃាត់រថយន្តដឹកឈើក្រហម៤គ្រឿងនេះ លោក រស់ វណ្ណា មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ ប្រាប់ឲ្យដឹងថា ខាងកម្លាំងរង់ចាំតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ចុះមកត្រួតពិនិត្យមើលថា តើមានច្បាប់ត្រឹមត្រូវដែរ ឫទេ។
បុរសម្នាក់ ដែលរត់ការក្បួនរថយន្តដឹកឈើ បានអះអាងថា ក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ (PC) លិខិតអនុញាតិឲ្យដឹកជញ្ជូនឈើតាមច្បាប់។
យ៉ាងណាក៏ដោយ ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដឹកនាំ ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កំពុងផ្ទៀងផ្ទាត់ទៅនឹង(PC) តើត្រឹមត្រូវដែរ ឫអត់៕