(ភ្នំពេញ)៖ ក្រុមបាល់ទាត់ដែលចម្រុះ ដោយតារាសិល្បៈល្បីៗ ស្ទើរតែទាំងអស់ របស់ផលិតកម្មមហាហង្ស បានទទួលបានជោគជ័យទៀតហើយ លើក្រុម Online ដែលជាគូប្រកួត ដ៏ស្វិតស្វាញរបស់ខ្លួន ​ក្នុងលទ្ធផលរហូតដល់​៧​ទល់នឹង២​ នៅពហុកីឡាដ្ឋានវេស្ទើន​ កាលពីពេលថ្មីៗនេះ។ ឆ្លងកាត់ការប្រកួតរយៈពេល៩០នាទី ​ទើបការប្រកួតទាំងមូល ត្រូវគេឃើញមានតារាច្រើននាក់ មកចូលរួមអបអរខុសពីមុន ដោយតារាដែលបានបង្ហាញខ្លួន មកគាំទ្រ គឺសុទ្ធតែជាតារាល្បីៗផងដែរ។

​ចាងហ្វាងផលិតកម្មមហាហង្ស និងជាប្រធានក្រុម​បាល់ទាត់ លោក អ៊ិន សុភិន ​បានថ្លែងឲ្យដឹងថា សម្រាប់ការប្រកួតដែលបានធ្វើឡើង កាលពីពេលថ្មីៗនេះ គឺជាប្រកួតលើកទី១២​​របស់ក្រុមមហាហង្ស ហើយក៏ជាជ័យជំនះលើកទី១១ របស់ក្រុមខ្លួន​ ចាប់តាំងពីក្រុមដែលចម្រុះដោយតារាសិល្បៈមួយ​នេះ ត្រូវបានបង្កើតឡើង។​ ការប្រកួតលើកនេះ គឺជាការប៉ះគ្នាជាមួយក្រុមបាល់​ទាត់ Online ដោយក្រុមរបស់លោករកបាន គ្រាប់បាល់រហូតដល់៧គ្រាប់ឯណោះ សម្រាប់ការប្រកួត៩០នាទី។ យ៉ាងណាមិញ ​ក្រុមដែលខាងមហាហង្សប្រកួតឈ្នះ យ៉ាងគំហុកនេះ មិនមែនជាក្រុមខ្សោយនោះទេ ប៉ុន្តែមកពីក្រុមតារាសិល្បៈ ដែលជាសមាជិករបស់ក្រុមមហាហង្ស កាន់តែមានទម្រង់លេងល្អ ទើបមានលទ្ធផលជាវិជ្ជមាន។

លោក អ៊ិន សុភិន បន្តទៀតថា ​កីឡាករច្រើននាក់ មានរបួសក្រោយបញ្ចប់ការប្រកួត តែមិនមានបញ្ហាធ្ងន់ធ្ងរណាមួយនោះទេ គឺគ្រាន់តែមានបញ្ហារបួសជើង​តិចតួចម្នាក់ៗប៉ុណ្ណោះ លើកលែងតែលោក ភឹម តារាវិបុល ដែលមានរបួសជើងធ្ងន់ជាងគេ ក្រោយការប៉ះទង្គិចនៅលើទីលាន។ ក្នុងតង់ទី១​ក្រុមមហាហង្សរកបាន៤គ្រាប់ និងតង់ទី២រកបាន៣គ្រាប់ ក្នុងពេលដែលក្រុមគូប្រកួត រកបានតែ២គ្រាប់ សម្រាប់រយៈពេល៩០នាទី ដែលបើកប្រកួតគ្នា។ តារាសម្ដែងដែលរកគ្រាប់បាល់ជួយក្រុមរបស់លោក បានឈ្នះរួមមាន លោក ប៉ែន តុលា ជាអតីតតារាសម្ដែង លោក សេង នរៈមង្គល និង លោក ហេង នរៈកក្កដា ជា​ដើម ប៉ុន្តែនោះក៏ដោយសារតែមានការបោះ បាល់បានល្អពីសំណាក់សមាជិក ក្នុងក្រុមដែលសុទ្ធតែជាតារាសម្ដែងដូចគ្នា នោះផងដែរ។

សូមបញ្ជាក់ថា តារាៗ ដែលបានបង្ហាញខ្លួនចូល ប្រកួតក្នុងទីលាននាល្ងាចនោះ រួមមាន តារាកំប្លែង​នាយ ចឺម លោក ហេង នរៈកក្កដា លោកជា សុវណ្ណនរាហ៍ លោក លឹម ជាឡាយ លោក ភឹម តារាវិបុល លោក អូន ឧស្សាហ៍ លោក ហូ ប៉ូសេង (សេង នរៈមង្គល) លោក ឈុន សុវណ្ណភក្ដី តារាសម្ដែងប្រចាំផលិតកម្ម BKS លោក ប៉ែន តុលា និងតារាសម្ដែងថ្មីៗ ជាច្រើនរូបទៀត។ ក្នុងនោះតារាសិល្បៈដែលបង្ហាញខ្លួន ទៅលើកទឹកចិត្តដោយផ្ទាល់ ក៏មានសុទ្ធសឹងតែវត្តមានតារាល្បីៗផងដែរ ដូចជាលោក ហម ឈរ៉ា កញ្ញា សឿន ផាភួង អ្នកនាង ភិន សុដាលីស កញ្ញា ថន លក្ខិណា និងតារាសម្ដែងជាច្រើនរូបទៀត ដែលភាគច្រើន គឺជាតារាសម្ដែងប្រចាំផលិតកម្មមហាហង្ស និង BKS។ ​ជ័យជំនះលើក្រុម Online គឺជាជ័យជំនះលើកទី១១ ក្នុងចំណោម១២ប្រកួត ដែលការប្រកួតកន្លងមក គឺក្រុមមហាហង្សទទួលបរាជ័យ​តែម្ដងគត់ នៅលើទីលាន៕