(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស ត្រូវបានរក្សាបាននូវទំហំមួយដ៏គួរឲ្យកត់សម្គាល់ដដែល គឺនៅក្នុងរង្វង់ប្រមាណ៨០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ កន្លងទៅ។
ការថ្លែងបញ្ជាក់យ៉ាងដូច្នោះ ក្នុងឱកាសដែលលោក ប៉ាន សូរស័ក្ដិ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការ នៃប្រភេទរថយន្តប្រណិតទី៤ របស់ក្រុមហ៊ុន Jaguar Land Rover គឺរថយន្ត Range Rover Velar នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
លោក ប៉ាន សូរស័ក្ដិ បានរំលិចដែរថា នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារអាមេរិកនេះ កម្ពុជាបាននាំចេញនូវ ផលិតផលប្រភេទកសិកម្ម និងវាយនភណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ៧៦៧លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀតក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ។
លើសពីនោះទៀត រដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងថា «វត្តមានរបស់ប្រភេទរថយន្តប្រណិតថ្មីនេះ ក្នុងកម្ពុជា ជាសក្ខីភាពនៃការអភិវឌ្ឍន៍របស់កម្ពុជា និងការជឿទុកចិត្តពេញទំហឹងរបស់វិនិយោគិន និងពាណិជ្ជករ នៅលើស្ថេរភាពសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកបានបញ្ជាក់ថា ការនាំចូលនូវរថយន្តថ្មីមួយនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ច និងជីវភាពដ៏ប្រសើរ របស់ប្រជាជនកម្ពុជា ដែលទទួលបានក្រោមការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច គិតជាមធ្យម ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ ទសវត្សចុងក្រោយ៕