(ភ្នំពេញ)៖ ទីបំផុតចំណតយានយន្ត យ៉ាងអនាធិបតេយ្យជុំវិញបរិវេណផ្សារាត្រី និងទីលានប្រជាធិបតេយ្យ ដែលស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានរុះរើ និងចាកចេញដោយស្ម័គ្រចិត្តអស់ហើយ បន្ទាប់ពីសាលារាជធានីភ្នំពេញ ដាក់ឱសាទកាលពីកន្លងទៅនោះ ហើយតំបន់នេះនឹងយកទៅ ធ្វើជាសួនច្បារលំអរក្រុងដ៏ស្រស់ស្អាត នាពេលខាងមុខនេះផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងថា ចំណតយានយន្តបែបអនាធិបតេយ្យ ជុំវិញបរិវេណទីលានប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់ ត្រូវបានលុបបំបាត់ទាំងស្រុងដើម្បីយកតំបន់នេះ ធ្វើជាសួនច្បារលម្អទីក្រុងលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ។
បើតាមអភិបាលខណ្ឌរូបនេះ បានបន្តទៀតថា ការសម្រេចលុបបំបាត់ទីចតអនាធិបតេយ្យនេះឡើង គឺដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក៏ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ នៅក្នុងតំបន់នេះផងដែរ។
តែយ៉ាងណាក៏ដោយ កន្លែងនេះនឹងមិនអនុញ្ញាតិឲ្យមានការលក់ជាបន្តទៀតនោះឡើយ ហើយប្រសិនបើអ្នកណាដាក់លក់ទៀត អាជ្ញាធរនឹងចាត់វិធានការ តឹងរឹងជាក់ជាមិនខាននោះឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែសីហា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រកាសដាក់ឱសានវាទរយៈពេល៧ថ្ងៃ ដើម្បីលុបបំបាត់ចំណតយានយន្តបែបអនាធិបតេយ្យ ជុំវិញបរិវេណទីលានប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់ ដោយគិតពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២៦ សីហា ដើម្បីឲ្យម្ចាស់រថយន្តទាំងអស់ រកទីតាំងចំណតថ្មីដោយខ្លួនឯង៕